ទីក្រុងប៉េកាំងបានចាប់ផ្តើមការវាយប្រហារការទូតយ៉ាងខ្លាំងក្លា ដោយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឈីង-ទ (Lai Ching-te)កាលពីថ្ងៃសៅរ៍ ទី ២ ខែឧសភា ឆ្នាំ២០២៦ នេះ ទៅកាន់ព្រះរាជាណាចក្រអេស្វាទីនីនៅអាហ្វ្រិក ជាសម្ព័ន្ធមិត្តការទូតចុងក្រោយដែលនៅសេសសល់របស់ទីក្រុងតៃប៉ិនៅទ្វីបអាហ្វ្រិក។

ដំណើរទស្សនកិច្ចនេះមានគោលបំណងរំលឹកខួបលើកទី៤០ នៃការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រ Mswati III និងថ្ងៃប្រសូត្ររបស់ព្រះអង្គ ក៏ដូចជាដើម្បីពង្រឹងទំនាក់ទំនងការទូត។ ទីក្រុងប៉េកាំងបានជំរុញឱ្យប្រទេសអេស្វាទីនី និងប្រទេសដទៃទៀតមើលទិសដៅនៃប្រវត្តិសាស្ត្រ និងឈប់គាំទ្រឯករាជ្យភាពរបស់តំបន់តៃវ៉ាន់។

ប្រទេសអេស្វាទីនី ដែលជាអតីតប្រទេសស្វាស៊ីឡង់ គឺជាសម្ព័ន្ធមិត្តការទូតតែមួយគត់ដែលនៅសេសសល់របស់កោះតៃវ៉ាន់នៅអាហ្វ្រិក។ ដំណើរទស្សនកិច្ចនេះកើតឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំងរវាងចិន និងតៃវ៉ាន់ ដោយប្រទេសចិនកំពុងស្វែងរកការបំបែកកោះតៃវ៉ាន់ចេញពីអន្តរជាតិ ខណៈកោះតៃវ៉ាន់អះអាងសិទ្ធិរបស់ខ្លួនក្នុងការចូលរួមជាមួយពិភពលោក។

ប្រទេសចិនអះអាងថា ដែនដីតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ដីគោកចិន ហើយការប៉ុនប៉ងណាមួយដើម្បីសហការជាមួយពួកបំបែកខ្លួននឹងត្រូវបរាជ័យ។
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ព្រះរាជាណាចក្រអេស្វាទីនី ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានហៅសកម្មភាពលោក ឡៃ ក្នុងន័យផ្សេងៗគ្នា រួមទាំងការចោទប្រកាន់រូបលោកថាជាជនបង្កបញ្ហា។ លោក Chen Bin-hua អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ក្រុមប្រឹក្សារដ្ឋចិន បានពិពណ៌នាអំពីដំណើរទស្សនកិច្ចរបស់លោកឡៃ ថាជាការសម្តែងដែលបានរៀបចំឡើង និងជាការរត់គេចខ្លួនដោយលួចលាក់ ដោយប្រៀបធៀបរូបលោកទៅនឹងសត្វកណ្តុរ៕