មេបណ្តាញផ្សាយបាល់ទាត់ខុសច្បាប់នៅអង់គ្លេស អាចជាប់ពន្ធនាគារធ្ងន់ធ្ងររហូតដល់ ២១ ឆ្នាំ។
បុរសម្នាក់ដែលជាមេដឹកនាំបណ្តាញផ្សាយបន្តផ្ទាល់បាល់ទាត់ខុសច្បាប់ដ៏ធំមួយនៅចក្រភពអង់គ្លេស ដែលមានឈ្មោះថា “Flawless” កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគារបន្ថែមរហូតដល់ ១០ ឆ្នាំ បន្ទាប់ពីត្រូវបានកាត់ទោសជាប់ពន្ធនាគារ ១១ ឆ្នាំរួចមកហើយក្នុងឆ្នាំ ២០២៣។
តុលាការបានបញ្ជាក់ថា ប្រសិនបើគាត់មិនសងប្រាក់ចំនួន ២.៣៥ លានផោន (ប្រហែលជាង ៣ លានដុល្លារ) ក្នុងរយៈពេល ៣ ខែទេ នោះគាត់អាចនឹងទទួលទោសបន្ថែមទៀត។
បណ្តាញ “Flawless” មានបុគ្គលិកប្រមាណ ៣០ នាក់ មានអ្នកប្រើប្រាស់ និងអ្នកលក់បន្តជាង ៥០,០០០ នាក់ ហើយរកចំណូលបានលើសពី ៧ លានផោន ក្នុងរយៈពេល ៥ ឆ្នាំ តាមរយៈការផ្សាយការប្រកួត Premier League ដោយខុសច្បាប់។
ករណីនេះត្រូវបានគេចាត់ទុកថាជាការបង្ក្រាបដ៏ធំបំផុតមួយលើការលួចផ្សាយកីឡា និងជាសារព្រមានខ្លាំងដល់បណ្តាញផ្សាយខុសច្បាប់ទាំងឡាយ ដែលកំពុងរកប្រាក់ចំណេញពីមាតិកាកីឡាដែលមានសិទ្ធិបញ្ញា។
អាជ្ញាធរអង់គ្លេសបញ្ជាក់ថា ការប្រឆាំងនឹងការលួចផ្សាយបាល់ទាត់នឹងបន្តយ៉ាងតឹងរ៉ឹង ដើម្បីការពារសិទ្ធិផ្សាយផ្លូវការ និងចំណូលរបស់វិស័យកីឡា៕ អត្ថបទ៖នាង សុភាវុធ


