មន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលនឹងបន្ថែមថវិកាចំនួន ៣៥០ ពាន់លានសេកែល (ប្រហែល ១១៨,៩ ពាន់លានដុល្លារអាមេរិក) ទៅក្នុងថវិកាការពារជាតិរបស់ខ្លួន ហើយបានអនុម័តការទិញយន្តហោះចម្បាំង F-35 និងយន្តហោះវាយប្រហារធុនធ្ងន់ F-15IA។

ក្រសួងការពារជាតិបានបញ្ជាក់ពីការអនុម័តចុងក្រោយសម្រាប់ការទិញយន្តហោះពីក្រុមហ៊ុន Lockheed Martin និង Boeing ដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ គឺជាជំហានដំបូង ក្នុងការកសាងយោធារយៈពេលមួយទសវត្សរ៍ ក្រោមគម្រោងថវិកាថ្មីនេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz បាននិយាយថា ការទិញនេះ កើតចេញពី «មេរៀនប្រតិបត្តិការ» ដែលបានរៀនពីសង្គ្រាមជាមួយអ៊ីរ៉ង់។

លោក Katz បាននិយាយថា៖«ការប្រយុទ្ធគ្នានៅក្នុងទីតាំងជាច្រើនរបស់អ៊ីស្រាអែលនៅមជ្ឈិមបូព៌ាទាមទារឲ្យយើងពន្លឿនការកសាងកម្លាំង» ដោយបន្ថែមថា ការផ្គត់ផ្គង់យន្តហោះ គឺជា «សមាសធាតុសំខាន់» នៃកម្មវិធី «Magen Israel» ដើម្បីធានាថា កងកម្លាំងការពារអ៊ីស្រាអែលរក្សាបាននូវ «គុណសម្បត្តិប្រកបដោយចីរភាព»៕