ចក្រភពអង់គ្លេស នឹងចាប់ផ្តើមការចរចាស្តីពីការចូលរួមគំនិតផ្តួចផ្តើមក្នុងការចេញប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូពីអឺរ៉ុបដល់អ៊ុយក្រែនសម្រាប់ផលប្រយោជន៍នៃឧស្សាហកម្មការពារជាតិរបស់ខ្លួន។ នេះបើយោងតាមការិយាល័យរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Keir Starmer។

ការិយាល័យនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លោកនាយករដ្ឋមន្ត្រី Keir Starmer នឹងប្រាប់កិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុបនៅទីក្រុង Yerevanថា ចក្រភពអង់គ្លេសចង់ចូលរួមជាមួយសហភាពអឺរ៉ុប ដើម្បីធានាថា អ៊ុយក្រែនទទួលបានគ្រឿងយុទ្ធោបករណ៍សំខាន់ៗ»។

កិច្ចប្រជុំកំពូលនេះ នឹងធ្វើឡើងនៅរដ្ឋធានី Yerevan របស់ប្រទេសអាមេនី នៅថ្ងៃទី ០៤ ខែឧសភានេះ។
ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី បាននិយាយថា ការផ្តល់ហិរញ្ញប្បទានបន្ថែមសម្រាប់ទីក្រុងគីវ«អាចបើកឱកាសសម្រាប់អាជីវកម្មអង់គ្លេស ដើម្បីបំពេញតម្រូវការសមត្ថភាពបន្ទាន់សម្រាប់អ៊ុយក្រែន»។
ការិយាល័យនេះក៏បានពិពណ៌នាអំពីការសម្រេចនេះថា ជា «ជំហានដ៏សំខាន់មួយ» ឆ្ពោះទៅរកទំនាក់ទំនងជិតស្និទ្ធរវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។
ក្នុងពេលជាមួយគ្នានេះ ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី បាននិយាយថា ទណ្ឌកម្មថ្មីប្រឆាំងនឹងក្រុមហ៊ុនរុស្ស៊ី ដែលមានគោលបំណងកាត់បន្ថយសមត្ថភាពយោធារបស់ទីក្រុងមូស្គូ នឹងត្រូវប្រកាស នៅនៅចុងសប្តាហ៍នេះ៕