ក្រុមមេដឹកនាំអឺរ៉ុប និងនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានជួបជុំគ្នា នៅប្រទេសអាមេនី នៅថ្ងៃចន្ទនេះ ខណៈពួកគេស្វែងរកគ្រប់គ្រងបរិយាកាសភូមិសាស្ត្រនយោបាយដ៏លំបាកមួយ ក្រោមការដឹកនាំរបស់សេតវិមានដែលមិនអាចទាយទុកជាមុនបាន។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) នឹងមានឥទ្ធិពលយ៉ាងខ្លាំងលើកិច្ចប្រជុំសហគមន៍នយោបាយអឺរ៉ុប (EPC)។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីក្រុងយេរេវ៉ាន (Yerevan) ដែលជាលំហ យុទ្ធសាស្ត្រ ភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្ររវាងរុស្ស៊ី និងមជ្ឈិមបូព៌ា ដោយមានបញ្ហាសំខាន់ពីរ នៅក្នុងរបៀបវារៈនៃជំនួប។

លោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«មេដឹកនាំមកពីទូទាំងទ្វីប ដោយមានប្រទេសកាណាដាជាភ្ញៀវ នឹងពិភាក្សាអំពីរបៀបសហការគ្នា ដើម្បីពង្រឹងសន្តិសុខ និងភាពធន់រួមគ្នា»។
សង្គ្រាមអ៊ីរ៉ង់ ដែលបានធ្វើឲ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ ដោយធ្វើឲ្យតម្លៃថាមពលកើនឡើងខ្ពស់ បានធ្វើឲ្យភាពប្រេះឆាក្នុងទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកកាន់តែអាក្រក់ឡើងៗ។
បន្ទាប់ពីការប៉ះទង្គិចពាក្យសម្តីរវាងលោក ត្រាំ និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលបានរិះគន់ការដោះស្រាយជម្លោះរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយអ៊ីរ៉ង់ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងដកកងទ័ពរបស់ខ្លួនចំនួន ៥.០០០នាក់ ចេញពីប្រទេសអាល្លឺម៉ង់៕