ទីប្រឹក្សាយោធារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mohsen Rezaei បានហៅសហរដ្ឋអាមេរិកថា «ចោរសមុទ្រតែមួយគត់ ក្នុងលោកដែលមាននាវាផ្ទុកយន្តហោះ» ហើយបានព្រមានថា ទីក្រុងតេអេរ៉ង់ មានសមត្ថភាពវាយប្រហារពន្លិចនាវាចម្បាំង និងបំផ្លាញយោធាអាមេរិក។

លោកបានសរសេរនៅលើទំព័រ X របស់លោកថា៖«សហរដ្ឋអាមេរិក គឺជាចោរសមុទ្រតែមួយគត់ ក្នុងពិភពលោកដែលមាននាវាផ្ទុកយន្តហោះ។ សមត្ថភាពរបស់យើងក្នុងការប្រឈមមុខនឹងចោរសមុទ្រ គឺមិនតិចជាងសមត្ថភាពរបស់យើងក្នុងការវាយប្រហារពន្លិចនាវាចម្បាំងនោះទេ។ សូមត្រៀមខ្លួនរកកន្លែងសម្រាប់កប់សពនៃនាវាផ្ទុកយន្តហោះ និងកងកម្លាំងរបស់អ្នក ក៏ដូចជាបំណែកយន្តហោះរបស់អ្នក ត្រូវបានទុកចោលនៅក្នុងទីក្រុង Isfahanផងដែរ»។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ នៅថ្ងៃទី ០២ ខែឧសភាថា កងកម្លាំងអាមេ រិកធ្វើសកម្មភាព «ដូចជាចោរសមុទ្រ» ក្នុងអំឡុងពេលរឹបអូសនាវាដឹកប្រេងអ៊ីរ៉ង់។
នាពេលមុននេះ នៅក្នុងលិខិតមួយផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Amir Saeid Iravani តំណាងអចិន្ត្រៃយ៍អ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកថាជា «ចោរសមុទ្ររដ្ឋ» បន្ទាប់ពីការរឹបអូសនាវាពាណិជ្ជកម្មអ៊ីរ៉ង់ពីរគ្រឿងគឺ Majestic និង Tifani និងការលួចប្រេងចំនួន ៣,៨ លានបា រ៉ែល។ អ៊ីរ៉ង់បានថ្កោលទោសចំពោះសកម្មភាពទាំងនេះថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខចាត់វិធានការ។ ទីក្រុងតេអេរ៉ង់ ក៏បាននិយាយផងដែរថា ខ្លួនរក្សាសិទ្ធិក្នុងការឆ្លើយតបទៅនឹងសកម្មភាពទាំងនេះស្របតាមច្បាប់អន្តរជាតិ៕