ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ (ទី៤ ខែឧសភា ឆ្នាំ២០២៦) បានព្រមានថា ខ្លួននឹងចាត់ទុកការប៉ុនប៉ងជ្រៀតជ្រែកណាមួយដោយសហរដ្ឋអាមេរិក នៅច្រកសមុទ្រ Hormuz ថា ជាការរំលោភលើបទឈប់បាញ់ នៅតំបន់មជ្ឈិមបូព៌ា ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមអមដំណើរនាវាឆ្លងកាត់ផ្លូវទឹកដែលត្រូវបានបិទខ្ទប់មួយនេះ។

ការចរចា រវាងប្រទេសទាំង២ ត្រូវបានជាប់គាំង ចាប់តាំងពីបទឈប់បាញ់ បានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា ហើយការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់អ៊ីរ៉ង់ លើច្រកសមុទ្រយុទ្ធសាស្ត្រនេះ ក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើទីក្រុងតេអេរ៉ង់ គឺជាចំណុចសំខាន់នៃការប្រទាញប្រទង់គ្នា។

លោក Trump បាននិយាយកាលពីថ្ងៃទី៣ ខែឧសភាថា ប្រតិបត្តិការសមុទ្រថ្មី ដែលលោកបានដាក់ឈ្មោះថា «Project Freedom» (គម្រោងសេរីភាព) គឺជាកាយវិការ «មនុស្សធម៌» សម្រាប់ក្រុមនាវិកនៅលើនាវាជាច្រើនដែលត្រូវបានជាប់ទៅណាមិនរួចដោយសារការបិទខ្ទប់ផ្លូវ ហើយដែលអាចនឹងអស់ស្បៀងអាហារ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត។
តាមរយៈសារមួយ នៅលើបណ្ដាញសង្គម Truth Social ដោយកត់សម្គាល់ថា ប្រតិបត្តិការនឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែឧសភានេះ លោក Trump បាននិយាយថា៖ «យើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីនាំនាវា និងក្រុមនាវិកចេញពីច្រកសមុទ្រដោយសុវត្ថិភាព។ ក្នុងគ្រប់ករណី ពួកគេបាននិយាយថា ពួកគេនឹងមិនត្រឡប់មកវិញទេ រហូតដល់តំបន់នោះមានសុវត្ថិភាព សម្រាប់ការធ្វើនាវាចរណ៍»។
ជាការឆ្លើយតប ប្រធានគណៈកម្មការសន្តិសុខជាតិរបស់សភាអ៊ីរ៉ង់ បានបញ្ជាក់ថា៖ «ការជ្រៀតជ្រែកណាមួយដោយសហរដ្ឋអាមេរិក នៅក្នុងប្រព័ន្ធសមុទ្រថ្មីនៃច្រកសមុទ្រ Hormuz នឹងត្រូវបានចាត់ទុកថា ជាការរំលោភលើបទឈប់បាញ់»។
គួរបញ្ជាក់ថា ដោយអនុវត្តការបិទខ្ទប់ច្រកសមុទ្រ Hormuz អ៊ីរ៉ង់បានរារាំងលំហូរប្រេង ឧស្ម័ន និងជីសំខាន់ៗទៅកាន់សេដ្ឋកិច្ចពិភពលោក ខណៈសហរដ្ឋអាមេរិកបានដាក់ចេញនូវការបិទផ្លូវតបត ចំពោះកំពង់ផែអ៊ីរ៉ង់៕