តាកែវ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្ត និងរថយន្តបញ្ច្រាសទិសគ្នា បានបណ្ដាលឱ្យមនុស្ស៤នាក់បានស្លាប់ និងមួយចំនួនទៀតបានរងរបួស ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១១ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១រំលងអាធ្រាតនៅចំណុចភូមិជ្រេ ឃុំជីខ្មា ស្រុកទ្រាំងខេត្តតាកែវ លើផ្លូវជាតិលេខ២ចន្លោះគីឡូម៉ែត្រ៩៤-៩៥។
លោក សៅ ចាន់សំណាង ប្រធានការរិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលខេត្តតាកែវ បានឱ្យដឹងថា គ្រោះថ្នាក់នេះ បណ្ដាលអ្នកបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខតាកែវ 3A-3211 បើកបរដោយឈ្មោះ រត់ សត្យា ភេទប្រុសអាយុ ១៨ឆ្នាំមុខរបរបើកបររថយន្តរស់នៅភូមិប្រសុង ឃុំតាភេមស្រុកត្រាំកក់ ខេត្តតាកែវបានស្លាប់ នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរ២នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ រីឯម្នាក់ទៀតបានស្លាប់ពេលយកទៅមន្ទីរពេទ្យ និងមានអ្នករបួសធ្ងន់ចំនួន២នាក់។
បើតាមលោកប្រធានការរិយាល័យចរាចរណ៍ជើងគោកខេត្ត រថយន្តហ៊ីយ៉ាន់ដាយដឹកទានេះបើកបរពីទិសត្បូងទៅជើងលុះមកដល់កន្លែងកើតហេតុក៏បានជ្រុលចង្កូត«ប្រហែលងងុយដេក» ទៅបុករថយន្ដមួយគ្រឿងម៉ាកFUSOពណ៌សពាក់ស្លាកលេខតាកែវ 3A- 1188 បណ្ដាលឲ្យអ្នកបើកបររថយន្តនិងអ្នករួមដំណើររងរបួសធ្ងន់។
បច្ចុប្បន្នសាកសពត្រូវបានបញ្ជូនឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ រីឯមធ្យោបាយពាក់ព័ន្ធត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕






