ប្រណាំងរថយន្ត៖ ក្រុមប្រណាំង F1, Ferrari បានបន្តខ្លាំងរដូវកាលថ្មីនេះបន្ទាប់ពីកីឡាករម៉ូណាកូ Charles Leclerc យកឈ្នះការប្រកួតនៅប្រទេសអូស្ត្រាលី ស្របពេលដែលគូប្រជែងរបស់គេ Max Verstappen មិនអាចបញ្ចប់ការប្រកួតបាន។

Charles Leclerc ដែលបានយកឈ្នះការប្រណាំងយកទីចេញដំណើរដែរនោះ បាននាំមុខការប្រកួតទាំងស្រុង ទោះមានការប្រជែងខ្លាំងពី Max Verstappen ក្តី។ ឈានដល់ជុំទី៣៩ អ្នកការពារតំណែងជើងឯកសញ្ជាតិហុឡង់ Max Verstappen ក៏មានបញ្ហាគ្រឿងម៉ាស៊ីនបង្ខំចិត្តដើរចេញពីការប្រកួត។ Charles Leclerc បន្តការនាំមុខមិនងាកក្រោយ និងមកដល់ទីព្រ័ត្រមុនគេយកឈ្នះការប្រកួតនៅប្រទេសអូស្ត្រាលី ជាជ័យជំនះលើកទី២ ក្នុងរដូវកាលនេះ និងជាជ័យជំនះលើកទី៤ ក្នុងអាជីព។
លេខ២ នៅអូស្ត្រាលីគឺកីឡាករម៉ិកស៊ិក Sergio Perez របស់ក្រុម Red Bull និងលេខ៣ George Russell របស់ Mercedes ខណៈដែលជើងឯក ៧សម័យ Lewis Hamilton បានលេខ៤។ Charles Leclerc នៅពេលនេះនាំមុខគេនៅក្នុងតារាងជើងឯកមាន ៧១ពិន្ទុក្រោយឈ្នះ ២ ក្នុងចំណោម ៣ទីលានតាមពីក្រោយដោយ George Russell មាន ៣៧ពិន្ទុ និងលេខ៣ កីឡាករអេស្ប៉ាញ Carlos Sainz។ ទីលានទី៤ រដូវកាលនេះ F1 នឹងបន្តដំណើរទៅទឹកដីអ៊ីតាលី Emilia Romagna Grand Prix នៅទីលាន Imola ថ្ងៃទី២៤ ខែមេសានេះ៕
អត្ថបទ៖នាង សុភាវុធ