មេធាវីម្នាក់របស់អង្គការសិទ្ធិមនុស្សប៉ាឡេស្ទីន Adalah បានចោទកងកម្លាំងអ៊ីស្រាអែលពីបទវាយដំសកម្មជនពីររូបដែលត្រូវបានចាប់ពង្រត់ពីក្បួនទូក Global Sumud ដែលធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សា បណ្តាលឱ្យម្នាក់ក្នុងចំណោមពួកគេសន្លប់ពីរដង។
លោកស្រី Lubna Tuma បានប្រាប់សារព័ត៌មាន Al Jazeera ថា សកម្មជន Thiago Avila និង Seif Abu Keshek ត្រូវបានបំបែកចេញពីក្រុមបន្ទាប់ពីត្រូវបានស្ទាក់ចាប់ដោយកងទ័ពជើងទឹកអ៊ីស្រាអែលនៅក្នុងដែនទឹកអន្តរជាតិ ហើយនាំចូលទៅក្នុងប្រទេសអ៊ីស្រាអែល ខណៈសកម្មជនផ្សេងទៀតត្រូវបានដោះលែងនៅក្នុងទឹកដីប្រទេសក្រិក។

លោកស្រីបាននិយាយថា «នៅពេលដែលត្រូវបានបំបែកនិងឃុំខ្លួន ពួកគេបានទទួលរងនូវអំពើហិង្សាជាបន្តបន្ទាប់»។ សកម្មជនត្រូវបានគេវាយដំម្តងហើយម្តងទៀត និងបំពានដោយប្រើពាក្យសំដី។ លោកស្រី បាននិយាយថា លោក Avila បានសន្លប់ពីរដងដោយសារតែអំពើហិង្សាធ្ងន់ធ្ងរ។
លោកស្រី Tuma អាចជួបជាមួយសកម្មជនកាលពីថ្ងៃសៅរ៍ជាលើកដំបូងចាប់តាំងពីពួកគេត្រូវបានឃុំខ្លួន។ លោកស្រីនិយាយថា «ក្នុងអំឡុងពេលជួប ពួកគេបានផ្តល់ភស្តុតាងចំពោះអំពើហិង្សា ដែលពួកគេបានស៊ូទ្រាំ»។ លោកស្រីបាននិយាយបន្ថែមថា «យើងកំពុងនិយាយអំពីកម្រិតនៃអំពើហិង្សាដែលនៅក្រោមច្បាប់អន្តរជាតិ ត្រូវបានចាត់ថ្នាក់ថាជាការធ្វើទារុណកម្ម»។
