ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) បញ្ចប់សុពលភាព១ខ្សែ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានរក្សានូវគុណភាពផ្លូវល្អប្រសើរ ធានា នូវប្រសិទ្ធភាពនៃការប្រើប្រាស់ផ្លូវជនបទបានយូរអង្វែង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅតំបន់ជនបទ។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់ សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ៥.២០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ រួមជាមួយសំណង់ សិល្បការ្យផ្សេងៗ ស្ថិតនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ ថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយ នៅក្នុងផ្ទៃប្រទេស ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្ថេរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ដោយឡែកការអភិវឌ្ឍផ្លូវនៅតាមជនបទ, ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្រោមចក្ខុវិស័យលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំង ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីទទួលបាននូវការអភិវឌ្ឍ និងរស់នៅដោយសុខដុម និងស៊ីវិល័យ ជាក់ស្តែងផ្លូវ១ខ្សែក្រាល កៅស៊ូពីរជាន់ (DBST) ខាងលើនេះ បានកំពុងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ការដឹកជញ្ជូនសម្ភារៈ ឬផលិតផល ផ្សេងៗទៅកាន់ទីផ្សារ និងការទទួលបាននូវសេវាសាធារណៈនានាផងដែរ។
ជុំវិញគម្រោងផ្លូវខាងលើនេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងក្នុងការស្ថាបនា និងថែទាំរហូតដល់ បញ្ចប់សុពលភាព ដោយរក្សាគុណភាពផ្លូវបានល្អប្រសើរ ដែលជាផ្នែកមួយជំរុញការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បី បង្កើនប្រាក់ចំណូលប្រចាំថ្ងៃតាមគ្រួសារនីមួយៗនៅតាមសហគមន៍ជនបទ និងដើម្បីជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និង ការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជន និងការជាការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមជនបទឱ្យកាន់តែប្រសើរ៕
អត្ថបទ៖ សុន រ៉ាឌី







