នៅថ្ងៃចន្ទ (ទី៤ ខែឧសភា ឆ្នាំ២០២៦) នេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បាននិយាយថា សហរដ្ឋអាមេរិកត្រូវតែបន្ថយការទាមទាររបស់ខ្លួន លើសាធារណរដ្ឋឥស្លាម ខណៈការចរចា ជុំវិញការបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ារយៈពេល ២ខែ បានជាប់គាំង។

នៅក្នុងសន្និសីទសារព័ត៌មានមួយដែលត្រូវបានចាក់ផ្សាយដោយទូរទស្សន៍រដ្ឋ លោក Baqaei បានលើកឡើងថា៖ «នៅដំណាក់កាលនេះ អាទិភាពរបស់យើង គឺបញ្ចប់សង្គ្រាម។ ភាគីម្ខាងទៀតត្រូវតែប្តេជ្ញាចិត្ត ចំពោះវិធីសាស្រ្តសមហេតុផល និងបោះបង់ចោលការទាមទារហួសហេតុរបស់ខ្លួន ទាក់ទងនឹងអ៊ីរ៉ង់»។
ការចរចា រវាងប្រទេសទាំង២ ត្រូវបានជាប់គាំង ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា ដោយមានការចរចាសន្តិភាពដោយផ្ទាល់តែមួយជុំប៉ុណ្ណោះដែលបានធ្វើឡើងរហូតមកដល់ពេលនេះ។
ចំណុចជាប់គាំងដ៏សំខាន់មួយ គឺការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់អ៊ីរ៉ង់ នៅលើច្រកសមុទ្រ Hormuz ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារនៅថ្ងៃទី២៨ ខែកុម្ភៈ ដោយបានបិទលំហូរប្រេង ឧស្ម័ន និងជីសំខាន់ៗ ខណៈពេលដែលសហរដ្ឋអាមេរិកបានអនុវត្តវិធានការបិទផ្លូវ ចំពោះកំពង់ផែអ៊ីរ៉ង់។
ប៉ុន្តែប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងវ៉ាស៊ីនតោននឹងចាប់ផ្តើមអមដំណើរនាវាឆ្លងកាត់ផ្លូវទឹកនេះ ដោយនាំឲ្យមានការគំរាមកំហែងធ្វើការវាយប្រហារពីយោធាអ៊ីរ៉ង់៕
