មន្ត្រីសន្តិសុខម្នាក់ បានប្រាប់សារព័ត៌មានស៊ីនហួថា មន្ត្រីរដ្ឋាភិបាលយេម៉ែនម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ នៅទីក្រុង Aden កាលពីថ្ងៃអាទិត្យ ដោយសាកសពរបស់លោក មានស្នាមរបួស ដោយសារគ្រាប់កាំភ្លើងជាច្រើនគ្រាប់។
មន្ត្រីសន្តិសុខមូលដ្ឋាន ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា លោក Wissam Qaed អនុប្រធានប្រតិបត្តិនៃមូលនិធិសង្គមសម្រាប់ការអភិវឌ្ឍ ត្រូវបានចាប់ជំរិត នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ដោយខ្មាន់កាំភ្លើងដែលមិនស្គាល់អត្តសញ្ញាណ នៅជិតលំនៅឋានរបស់លោក។

កាលៈទេសៈជុំវិញការសម្លាប់នេះ នៅតែមិនច្បាស់លាស់ ហើយគ្មានក្រុមណាមួយអះអាងពីការទទួលខុសត្រូវចំពោះការចាប់ពង្រត់ ឬការស្លាប់នៅពេលក្រោយមកនោះទេ។
មូលនិធិសង្គមសម្រាប់ការអភិវឌ្ឍ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ដំណើរការ ក្រោមរដ្ឋាភិបាលយេម៉ែន និងរាយការណ៍ដោយផ្ទាល់ទៅគណៈរដ្ឋមន្ត្រី ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងកម្មវិធីអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រ។ លោក Qaed បានបម្រើការជាអនុប្រធានប្រតិបត្តិ ចាប់តាំងពីឆ្នាំ ២០១៩៕
