អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់លើការប្តេជ្ញាចិត្តរបស់លោក ក្នុងការស្វែងរកដំណោះស្រាយការទូត ទោះបីជារុស្ស៊ីបានសម្លាប់ជនស៊ីវិលយ៉ាងច្រើនក៏ដោយ។ លោក Volodymyr Zelenskyy ថ្លែងទៅកាន់សារព័ត៌មាន Associated Press នៅការិយាល័យប្រធានាធិបតីរបស់លោកក្នុងទីក្រុងគីវថា គ្មាននរណាម្នាក់ចង់ចរចាជាមួយអ្នកដែលធ្វើទារុណកម្មលើជាតិរបស់ខ្លួននោះទេ។

ប៉ុន្តែលោកនិយាយថា យើងមិនចង់បាត់បង់ឱកាសទេ ប្រសិនបើយើងផ្តល់ឲ្យពួកគេនូវដំណោះស្រាយការទូត។ ប្រធានាធិបតីអ៊ុយក្រែនបានស្នើសុំការគាំទ្រផ្នែកយោធាបន្ថែមទៀតដោយនិយាយថា តុចរចានឹងកាន់តែខិតជិត ហើយយើងនឹងមានប្រយោជន៍នៅក្នុងការសន្ទនាជាមួយសហព័ន្ធរុស្ស៊ី ប្រសិនបើទីតាំងនៅទីក្រុង Mariupol និងតំបន់ភាគខាងកើតអ៊ុយក្រែនកាន់តែរឹងមាំ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា កងទ័ពរុស្ស៊ីកំពុងបង្កើនការវាយលុកផ្នែកយោធានៅភាគខាងកើតអ៊ុយក្រែន។ លោក Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថានៅពេលយប់របស់លោកថា កងទ័ពរុស្ស៊ីនឹងផ្លាស់ទីទៅធ្វើប្រតិបត្តិការធំជាងនេះ នៅភាគខាងកើតនៃរដ្ឋរបស់យើង៕
អត្ថបទ៖ ប៊ុនថន