នាថ្ងៃចន្ទ (ទី៤ ខែឧសភា ឆ្នាំ២០២៦) នេះ អូទ្រីសបានឲ្យដឹងថា ខ្លួនបានបណ្តេញបុគ្គលិកស្ថានទូតរុស្ស៊ីចំនួន ៣នាក់ចេញពីប្រទេស ដោយសង្ស័យថា បានធ្វើចារកម្ម ដោយរដ្ឋមន្ត្រីការបរទេសប្ដេជ្ញាឲ្យមាន «ការផ្លាស់ប្តូរទិសដៅ» និងការបង្ក្រាប លើចារកម្ម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើទៅកាន់សារព័ត៌មាន AFP ក្រសួងការបរទេស បានបញ្ជាក់ពីរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ORF ថា បុគ្គលិកស្ថានទូតរុស្ស៊ីចំនួន ៣រូប ត្រូវបានបណ្តេញចេញ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសាធារណៈមួយនេះ បានឲ្យដឹងថា ការដំឡើងឧបករណ៍ នៅលើដំបូលស្ថានទូតរុស្ស៊ី អាចត្រូវបានប្រើ ដើម្បីធ្វើចារកម្មលើអង្គការអន្តរជាតិនានាដែលមានមូលដ្ឋាននៅទីក្រុងវីយែន។
ស្ថានទូតរុស្ស៊ីប្រចាំប្រទេសអូទ្រីសបានលើកឡើងនៅថ្ងៃចន្ទនេះថា ទីក្រុងមូស្គូនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការសម្រេចចិត្តរបស់ប្រទេសអូទ្រីស ក្នុងការបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ៣រូប។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទនេះ ទីក្រុងវីយែនបានប្រកាសថា អ្នកការទូតរុស្ស៊ីចំនួន ៣រូប គឺជាបុគ្គលមិនត្រូវបានស្វាគមន៍ ពាក់ព័ន្ធនឹងការដំឡើងឧបករណ៍នៅលើដំបូលអគារការទូតដែលអាចត្រូវបានប្រើប្រាស់ សម្រាប់ចារកម្ម៕