ប្រទេសអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃចន្ទ (ទី៤ ខែឧសភា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា អ៊ីរ៉ង់បានបាញ់យានដ្រូន ២គ្រឿង ទៅលើនាវាដឹកប្រេង ១គ្រឿងដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនប្រេងរដ្ឋ ADNOC របស់ខ្លួន នៅក្នុងច្រកសមុទ្រ Hormuz ដោយបានថ្កោលទោសការវាយប្រហារនេះ។
អមដោយការបន្ថែមថា មិនមានអ្នករងរបួស នៅក្នុងហេតុការណ៍នោះ ក្រសួងការបរទេសរបស់អារ៉ាប់រួមបានលើកឡើងថា៖ «ការកំណត់គោលដៅលើការដឹកជញ្ជូនពាណិជ្ជកម្ម និងការប្រើប្រាស់ច្រកសមុទ្រ Hormuz ជាឧបករណ៍នៃការសម្លុតកំហែងសេដ្ឋកិច្ច ឬការបង្ខិតបង្ខំ តំណាងឲ្យសកម្មភាពចោរសមុទ្រ ដែលប្រព្រឹត្តដោយកងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់»។
យានដ្រូន ២គ្រឿង បានវាយប្រហារនាវា MV Barakah នៅឯឆ្នេរសមុទ្រអូម៉ង់ ប៉ុន្តែគ្មាននរណាម្នាក់រងរបួសនោះឡើយ។ នេះបើយោងតាម ADNOC ដែលជាក្រុមហ៊ុនប្រេងលំដាប់យក្សរបស់អារ៉ាប់រួម ដោយបន្ថែមថា នាវានេះមិនមានផ្ទុកទំនិញនោះទេ។
ទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មសមុទ្រចក្រភពអង់គ្លេស បានឲ្យដឹងនៅមុននេះថា នាវាដឹកប្រេង ១គ្រឿង ត្រូវបានរាយការណ៍ថា ត្រូវបានវាយប្រហារដោយគ្រាប់មីស៊ីលដែលមិនដឹងប្រភេទ នៅក្នុងច្រកសមុទ្រ។ ទីភ្នាក់ងារនេះបានបន្ថែមថា នាវិកទាំងអស់ត្រូវបានរាយការណ៍ថា មានសុវត្ថិភាពនៅក្នុងឧប្បត្តិហេតុនេះ ដែលបានកើតឡើងនៅចម្ងាយ ៧៨ម៉ាយល៍ណត់ (ប្រហែលជាង ១៤០គីឡូម៉ែត្រ) នៅភាគខាងជើងនៃទីក្រុង Fujairah៕