តម្លៃប្រេងបានកើនឡើងប្រហែល ៦% កាលពីថ្ងៃចន្ទ ៤ឧសភា ដើមសប្ដាហ៍នេះ ខណៈអ៊ីរ៉ង់បានបង្កើនការវាយប្រហារលើអារ៉ាប់រួម និងនាវានៅឈូងសមុទ្រមជ្ឈិមបូព៌ាក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលជាការកើនឡើងធ្ងន់ធ្ងរបំផុតចាប់តាំងពីបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចូលជាធរមានកាលពីដើមខែមេសា។

តម្លៃប្រេងឆៅ Brent បានកើនឡើង ៦,២៧ ដុល្លារ ឬ ៥,៨% ដល់ ១១៤,៤៤ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានកើនឡើង ៤,៤៨ ដុល្លារ ឬ ៤,៤% ដល់ ១០៦,៤២ ដុល្លារ ក្នុងមួយបារ៉ែល។

អ៊ីរ៉ង់បានវាយប្រហារនាវាជាច្រើនគ្រឿងនៅច្រកសមុទ្រ Hormuz កាលពីថ្ងៃចន្ទដដែល និងបានដុតបំផ្លាញកំពង់ផែប្រេង អេមីរ៉ាតអារ៉ាប់រួម (UAE) ខណៈការប៉ុនប៉ងរបស់ប្រធានាធិបតី Donald Trump ក្នុងការប្រើប្រាស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកដើម្បីជួយសង្គ្រោះការដឹកជញ្ជូនតាមនាវា បានបង្កឱ្យមានការកើនឡើងដ៏ធំបំផុតនៃសង្គ្រាមចាប់តាំងពីបទឈប់បាញ់ត្រូវបានប្រកាសកាលពីបួនសប្តាហ៍មុន។
អារ៉ាប់រួមបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានកំពុងប្រឈមនឹងការគំរាមកំហែងដោយមីស៊ីល និងយានដ្រូននៅល្ងាចថ្ងៃចន្ទ៤ឧសភា ខណៈក្រុមអ្នកពន្លត់អគ្គិភ័យបានព្យាយាមពន្លត់អណ្តាតភ្លើងនៅតំបន់ឧស្សាហកម្មប្រេងដ៏សំខាន់មួយ បន្ទាប់ពីការវាយប្រហារដោយយានដ្រូន ដែលក្រុមអាជ្ញាធរបាននិយាយថាមានប្រភពមកពីប្រទេសអ៊ីរ៉ង់។

ក្រុមអ្នកវិភាគមកពីក្រុមហ៊ុនប្រឹក្សាយោបល់ Eurasia Group បាននិយាយនៅក្នុងកំណត់ចំណាំមួយថា តម្លៃប្រេងនឹងនៅតែលើសពី១០០ដុល្លារក្នុងមួយបារ៉ែល ហើយតម្លៃសាំងនៅសហរដ្ឋអាមេរិកនឹងឡើងដល់ ៥ ដុល្លារក្នុងមួយហ្គាឡុងនៅខែមិថុនា បើគ្មានកិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz ឡើងវិញទេនោះ ខណៈអ្នកបើកបរនៅរដ្ឋកាលីហ្វ័រនីញ៉ាបានចំណាយ ៦ ដុល្លារក្នុងមួយហ្គាឡុងលើថ្លៃសាំងរួចទៅហើយ៕