ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅធ្វើការ និងសិក្សានៅរាជធានីភ្នំពេញ កំពុងបន្តចាកចេញពីរាជធានីភ្នំពេញ ទៅតាមស្រុកកំណើត និងខេត្តគោលដៅទេសចរណ៍។ ការចាកចេញពីរាជធានីភ្នំពេញនេះ គឺអាចបន្តរហូតដល់ថ្ងៃ ១៤ ខែមេសា ជាថ្ងៃឈប់សម្រាកផ្លូវការទូទាំងប្រទេស។
ខណៈពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់ លំហូរនៃការធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តជាស្រុកកំណើត និងខេត្តគោលដៅទេសចរណ៍ ក៏ចាប់ផ្ដើមមានការកើនឡើងផងដែរ។
ការធ្វើដំណើរចាកចេញ ឃើញមានការកើនឡើងតាំងពីថ្ងៃអាទិត្យមកម្ល៉េះដោយសាររោងចក្រមួយចំនួន ទទួលបានការឈប់សម្រាករយៈពេលរហូតដល់ពេញមួយសប្ដាហ៍។
ជាក់ស្ដែងសម្រាប់ព្រឹកថ្ងៃចន្ទនេះ ក៏មានចំនួនប្រជាពលរដ្ឋបានមករង់ចាំដើម្បីធ្វើដំណើរតាមរថយន្តដឹកដំណើរ និងរថយន្តឈ្នួលនៅចំណុចជុំវិញផ្សារថ្មីផងដែរ។ ស្រ្តីមួយរូប និងសមាជិកក្រុមគ្រួសារ ដែលទើបធ្វើដំណើរមកពីប្រទេស ប៊េហ្សិក បានបញ្ជាក់ប្រាប់ BTVថា ក្រុមគ្រួសារគាត់ គឺកំពុងរង់ចាំរថយន្តដើម្បីធ្វើដំណើរទៅលេងកំសាន្តនៅខេត្តសៀមរាប សម្រាប់ឱកាសចូលឆ្នាំខ្មែរ។ ក្នុងនាមជាគាត់ជាជនជាតិខ្មែររស់នៅបរទេស គាត់ពិតជាសប្បាយចិត្តពេលមើលឃើញពីភាពរីកចំរើនរបស់កម្ពុជា។
សម្រាប់ស្រ្តីមួយរូបទៀត ដែលកំពុងរង់ចាំរថយន្តផងដែរនោះ លើកឡើងថា គាត់និងក្រុមគ្រួសារ មិត្តភ័ក្ដិ គឺកំពុងរង់ចាំធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជបងប្អូន។ គាត់ថាការចាកចេញនៅឆ្នាំនេះ គឺចាកចេញទាំងសប្បាយចិត្ត ដោយមិនសូវមានការព្រួយបារម្ភនោះទេ។
សម្រាប់ឆ្នាំនេះ ទោះមានការចាកចេញពីភ្នំពេញ ទៅបណ្ដាខេត្តយ៉ាងណាក្ដី តែលោក សេង គឹមស្រៀង ជាអ្នកបើករថយន្តឈ្នួលគោលដៅពីភ្នំពេញ ទៅខេត្តកំពង់ឆ្នាំង លើកឡើងថាសម្រាប់ឆ្នាំនេះ គាត់ហាកពិបាកក្នុងការស្វែងរកភ្ញៀវជាងរាល់ឆ្នាំ។
លោកថា កម្មករកម្មការិនី សព្វថ្ងៃមានម៉ូតូដោយខ្លួនឯង បែបនេះគេទៅស្រុកកំណើតដោយជិះម៉ូតូ ព្រោះពីភ្នំពេញទៅខេត្តកំពង់ឆ្នាំង ក៏មិនសូវឆ្ងាយ។
ការរៀបចំប្រារព្ធពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ ២០២២នេះ ជាការរៀបចំលើកដំបូងរបស់កម្ពុជា ក្រោយមានវត្តមានវត្តមានកូវីដ។ តាមរាជធានី-ខេត្ត ជាច្រើនក៏បានរៀបចំ កម្មវិធីសង្រ្កាន្តនិងតុបតែងយ៉ាងស្រស់ស្អាត ដើម្បីផ្ដល់ភាពសប្បាយជូនប្រជាពលរដ្ឋ។
ការរៀបចំកម្មវិធីចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ក៏ស្របពេលដែលកម្ពុជា មានករណីឆ្លងកូវីដធ្លាក់ចុះ មកត្រឹម ២ខ្ទង់ប្រចាំថ្ងៃ និងស្របពេលដែលកម្ពុជាសម្រេចជោគជ័យធំធេងលើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ៕ អត្ថបទ៖ គឺមហុក