មណ្ឌលគិរី៖ អ្នកជំនាញទេសចរណ៍ថា ខេត្តមណ្ឌលគិរី នឹងក្លាយជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់របស់កម្ពុជា ខណៈខេត្តនៅតំបន់ភូមិភាគឦសានមួយនេះ សំបូរទៅដោយធនធានធម្មជាតិប្រកបដោយសក្តានុពល ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ បន្ទាប់ពីតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត តំបន់មាត់សមុទ្ររបស់កម្ពុជា។
លោក ធឿន វុឌ្ឍី នាយកប្រតិបត្តិក្រុមហ៊ុនទេសចរណ៍ "មរតក អៅដរ (Morodok Outdoor) លើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី នៅថ្ងៃទី១១ ខែមេសាឆ្នាំ២០២២នេះថា បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសទាំងស្រុង គ្មានការរឹតត្បិតឯកសារ ឬការរឹតត្បិតលើការធ្វើចត្តាឡីស័កដូចមុន ក្នុងរយៈពេលជាង ២ខែ ចុងក្រោយនេះ វិស័យទេសចរណ៍មានសញ្ញាណវិជ្ជមាននៃការងើបឡើងវិញជាបណ្តើរៗ ដោយយើងរំពឹងថា កម្ពុជានឹស្រូបយកកំណើនពីវិស័យទេសចរណ៍ជាបន្តបន្ទាប់ ខណៈដែលរាជរដ្ឋាភិបាល ក៏ដូចក្រសួងស្ថាប័នពាក់ព័ន្ធបានកំពុងខិតខំរៀបចំ និងដាក់ចេញវិធានការជាច្រើននៅលើវិស័យនេះ។
ចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី លោកបានថ្លែងនូវការសាទយ៉ាងកក់ក្តៅ ចំពោះការគិតគូរដ៏ខ្ពង់ខ្ពស់របស់ រាជរដ្ឋាភិបាល តាមរយៈនៃការដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០១១-២០៣៥) នេះគឺជាផែនទីបង្ហាញផ្លូវយ៉ាងសំខាន់ សម្រាប់ទាក់ទាញទេសចរណ៍បន្ថែម និងជាការរអភិវឌ្ឍន៍ជំហានថ្មីមួយទៀត ដែលខេត្តមួយនេះ ជាគោលដៅអេកូទេសចរណ៍ បន្ទាប់ពីកម្ពុជាមានតំបន់វប្បធម៌ប្រវត្តិសាស្រ្ត និងតំបន់មាត់សមុទ្រដែលកំពុងទាក់ទាញភ្ញៀវទេសចរណ៍។
ចំណែកលោកស្រី ខៃ ចិន្តា សមាជិកស្ថាបនិកគ្រប់គ្រងសណ្ឋាគារនៅភូមិភាគឦសាន បានថ្លែងនូវការស្វាគមន៍ចំពោះការដាក់ឲ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ដែលផែនការនេះ គឺជាការកំណត់នូវទិសដៅច្បាស់លាស់របស់រាជរដ្ឋាភិបាល ខណៈដែលខេត្តនៅភូមិភាគឦសាន គឺជាខេត្តមានសកម្មភាពបែបអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងភ្ជាប់ជាមួយទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិចជាដើម, ដូច្នេះចំពោះការគិតអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនៅភូមិភាគឦសាន គឺជាការចូលចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាតិយើង។
សូមបញ្ជាក់ថា៖ ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) របស់រាជរដ្ឋាភិបាល បានកំណត់តំបន់អាទិភាពសំខាន់ៗចំនួន ៦រួមមាន៖ តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៃដែនជម្រកសត្វព្រៃទាំង ៥, តំបន់របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស្រា-ដាក់ដាំ ដែលលើកទឹកចិត្តឲ្យមានការអភិវឌ្ឍតែសកម្មភាពអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ភ្ជាប់ជាមួយទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច ។ ចំណែកក្រុងសែនមនោរម្យជាបណ្តុំសកម្មភាពទេសចរណ៍ពហុបំណង,តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលអាចអភិវឌ្ឍន៍ជាតំបន់ប្រជុំជនរណប ភ្ជាប់ជាមួយក្រុងសែនមនោរម្យ, តំបន់ប្រជុំជននៃស្រុកកោះញែក ដែលមានសក្តានុពលក្នុងការរៀបចំអភិវឌ្ឍន៍ជាមណ្ឌលទេសចរណ៍នាពេលអនាគត តំបន់អភិរក្សនៃដែនជម្រកសត្វព្រៃ, និងតំបន់ទេសចរណ៍សមាហរណតាមច្រកព្រំដែន ៕ អត្ថបទ៖ សុន រ៉ាឌី