កីឡាករវ័យក្មេងចិន Wu Yize បានក្លាយជាកីឡាករក្មេងបំផុតទីពីរដែលគ្រងជើងឯកស្នូកឃ័រពិភពលោកក្រោយយកឈ្នះជើងចាស់ Shaun Murphy ហ្វ្រេមកាត់សេចក្តីនៅវគ្គផ្តាច់ព្រ័ត្រ។

ជាការប្រកួតដ៏ស្វិតស្វាញ តានតឹង Wu និង Murphy បានធ្វើឱ្យវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោកត្រូវអូសបន្លាយដល់ហ្វ្រេមកាត់សេចក្តីលើកដំបូងតាំងពីឆ្នាំ ២០០២ នៅពេល Peter Ebdon យកឈ្នះ Stephen Hendry និងជាលើកទី ៤ ប៉ុណ្ណោះក្នុងប្រវត្តិសាស្រ្តស្នូកឃ័រជើងឯកពិភពលោក។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលកីឡាករទាំងពីរត្រូវតទល់គ្នាគឺ ៣៥ ហ្វ្រេម ហើយកីឡាករទាំងពីរបានយកឈ្នះម្នាក់ ១៧ ហ្វ្រេមមុនឈានដល់ហ្វ្រេមកាត់សេចក្តី។
ហ្វ្រេមចុងក្រោយ Wu Yize ដែលមកពីខេត្តឡានចូវប្រទេសចិនមានការប្រកួតដែលជឿជាក់ បូករួមទាំងភ័យខ្លាច តែទេពកោសល្យមិនធម្មតា។

បន្ទាប់ពីការកេងមិនបានល្អពី Shaun Murphy, Wu បានប្រថុយវាយបញ្ចូលឡូកូនក្រហមដោយគ្រាប់ប៊ីពណ៌ស កៀកនឹងបាំង ហើយការប្រថុយបានសម្រេចនោះបានហុចផលឱ្យ Wu ឈ្នះការប្រកួតនេះ។
ចេះទាំងឆ្វេងទាំងស្តាំ Wu ក៏ភ្លាត់ក្នុងការបញ្ជាគ្រាប់ប៊ីសដែរតែអាចកែប្រែស្ថានការបាន។
Wu Yize បានក្លាយជាកីឡាករចិនទីពីរប៉ុណ្ណោះដែលឈ្នះជើងឯកពិភពលោកបន្ទាប់ពី Zhao Xintong ឈ្នះនៅឆ្នាំ ២០២៥ មានន័យថាពីរឆ្នាំជាប់គ្នាហើយដែលកីឡាករចិនកាន់ពានជើងឯកពិភពលោក។
ជ័យជំនះនេះ Wu Yize ទទួលបានប្រាក់រង្វាន់ ៥០ ម៉ឺនផោន និងរំកិលឡើងមកឈរលេខបួនពិភពលោក៕ អត្ថបទ៖នាង សុភាវុធ





