ការប្រកួតបឋមសិក្សាថ្នាក់ជាតិឆ្នាំ ២០២៦ បានចាប់ផ្តើម៤ថ្ងៃហើយ ក្នុងនោះប្រភេទកីឡាជាច្រើនបានដំណើរការជាបន្តបន្ទាប់។ ចំណែកកីឡាបាល់ទះកុមារាបានប្រកួតដល់វគ្គ១៦ក្រុមចុងក្រោយហើយ ការប្រកួតនេះ ខេត្តកណ្តាលប និងកំពង់ស្ពឺបានដាក់គោលដៅរៀងៗខ្លួនថា នឹងឡើងវគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតនេះ។

ដើម្បីសម្រេចគោលដៅនេះ លោក ពេជ ណារ៉េត ប្រតិភូប្រភេទកីឡាបាល់ទះខេត្តកណ្តាល បានគូសបញ្ជាក់ថា ខេត្តកណ្តាលបានប្រកួត ២ប្រកួតហើយ ក្នុងនោះឈ្នះ១ និងចាញ់១ លេខ២ក្នុងពូល ឡើងទៅវគ្គបន្ត។ ចំណែកការប្រកួតបន្ត លោកនឹងខិតខំប្រឹងប្រែងព្យាយាមធ្វើយ៉ាងណាឡើងទៅវគ្គផ្តាច់ព្រ័ត្រ ព្រោះថាឆ្នាំមុនខេត្តកណ្តាលទទួលបានចំណាត់ថ្នាក់លេខ២ (មាដាយប្រាក់)ក្នុងការប្រកួតបឋមសិក្សាថ្នាក់ជាតិ។

ជាមួយគ្នានេះដែរ លោក សារ៉ាត់ ភារុណ គ្រូជំនួយ ក្រុមបាល់ទះកុមារា ខេត្តកំពង់ស្ពឺ បញ្ជាក់ថា ការចូលរួមការប្រកួតលើកនេះ ជាលើកដំបូងរបស់ក្រុម មានអារម្មណ៍ថា ភ័យ ផង អរផង ។ លោកបានសរសើរ ខេត្តកណ្តាថា ជាក្រុមខ្លាំង ប៉ុន្តែការប្រកួតប៉ះជាមួយគ្នានេះ ជាសំណាងខ្លះដែរ ក្នុងការទទួលបានជ័យជំនះ។

សូមជម្រាបផងដែរថា ការប្រកួតបឋមសិក្សាថ្នាក់ជាតិឆ្នាំ ២០២៥ ២០២៦ ធ្វើឡើងចាប់ផ្តើម ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា។ មាន ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចូលរួមសរុបចំនួន ២៦៨៩នាក់ ប្រកួត១២ប្រភេទកីឡា លើវិញ្ញាសាសរុបចំនួន ៦២ វិញ្ញាសា ដោយប្រើប្រាស់ទីលានចំនួន ១០ទីតាំងផងដែរ៕



