ប្រធានសភាលីបង់ ដែលជាអ្នកនយោបាយនិកាយស៊ីអ៊ីតជាន់ខ្ពស់បំផុតនៅក្នុងប្រទេសនេះ និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ក្រុមហេសបូឡា បាននិយាយកាលពីថ្ងៃចន្ទ៤ឧសភាសប្ដាហ៍នេះ ថា មិនអាចមានការចរចាជាមួយអ៊ីស្រាអែលទេ បើគ្មានការបញ្ឈប់សង្គ្រាមដែលបានឆាបឆេះនៅភាគខាងត្បូងប្រទេសលីបង់ ទោះបីជាមានបទឈប់បាញ់ក៏ដោយ។

លោក Nabih Berri ប្រធានចលនា Amal ដែលមានសម្ព័ន្ធមិត្តជាមួយក្រុមហេសបូឡា បានធ្វើអត្ថាធិប្បាយ បែបនេះ ខណៈកងកម្លាំងការពារអ៊ីស្រាអែលបានចេញការព្រមានជម្លៀសសម្រាប់ភូមិចំនួនបួននៅភាគខាងត្បូងប្រទេសលីបង់ មុនពេលការវាយប្រហារផ្តោតលើក្រុមភេរវករគាំទ្រដោយអ៊ីរ៉ង់។ អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងធ្វើសកម្មភាពដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង និងការរំលោភលើបទឈប់បាញ់របស់ក្រុមហេសបូឡា។
ទន្ទឹមនឹងនេះ ទាហានពីរនាក់បានរងរបួស អំឡុងពេលប្រយុទ្ធគ្នាជាមួយក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់ ក្នុងនោះទាហានម្នាក់រងរបួសស្រាលក្នុងការវាយប្រហារដោយយានដ្រូន ហើយកងកម្លាំងការពារអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនរបស់ក្រុមហេសបូឡាយ៉ាងហោចណាស់មួយគ្រឿង។
ការប៉ះទង្គិចគ្នាជាបន្តបន្ទាប់បានគូសបញ្ជាក់ពីបញ្ហាប្រឈមដែលសហរដ្ឋអាមេរិកកំពុងប្រឈមក្នុងការបង្កើតសន្តិភាពរវាងរដ្ឋជាសត្រូវ អ៊ីស្រាអែល-លីបង់ ដែលបានរៀបចំកិច្ចចរចាទល់មុខដ៏កម្រកាលពីខែមុន។
បើទោះបីជាមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់កាលពីពាក់កណ្តាលខែមេសា ដែលត្រូវបានបន្ថែមពេលដល់ខែឧសភាក៏ដោយ ក៏ក្រុមហេសបូឡាបានបាញ់រ៉ូកែត និងយានដ្រូន លើសហគមន៍ភាគខាងជើងអ៊ីស្រាអែល ទោះបីជាការវាយប្រហារភាគច្រើន សំដៅទៅលើកងទ័ពនៅភាគខាងត្បូងលីបង់ ឬនៅខាងដីអ៊ីស្រាអែលក៏ដោយ៕

