ក្លិបបាល់ទាត់ CD Colunga បានបង្កើតព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍មួយក្នុងពិភពបាល់ទាត់ បន្ទាប់ពីដាក់ឲ្យអ្នកចាំទីវ័យ ៧០ ឆ្នាំ Angel Mateos Gonzalez ចូលលេងក្នុងការប្រកួតលីគថ្នាក់ទី៥ កាលពីចុងសប្តាហ៍កន្លងទៅ។
តាមសារព័ត៌មានក្នុងតំបន់ ការចូលលេងនេះអាចធ្វើឲ្យ Gonzalez ក្លាយជាកីឡាករវ័យចំណាស់បំផុតដែលបានបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការនៅប្រទេសអេស្ប៉ាញ។
Gonzalez ដែលបានចូលនិវត្តន៍ពីបាល់ទាត់តាំងពីអាយុ ៤៣ ឆ្នាំ បានត្រលប់មកជួយក្លិបក្នុងតំណែងអ្នកចាំទីរបស់ក្រុម CD Colunga ក្នុងរដូវកាលនេះ នៃការប្រកួត Tercera Federation (Group Two)។
ក្នុងសេចក្ដីប្រកាសលើបណ្ដាញសង្គម Instagram ក្លិបបានបញ្ជាក់ថា ការដាក់ឲ្យគាត់ចូលលេងនេះ មិនមែនជាការបំបែកកំណត់ត្រា ឬអ្វីប្លែកទេ ប៉ុន្តែជាការសរសើរ និងគោរពចំពោះជីវិត និងការប្តេជ្ញារបស់គាត់ ដែលធ្លាប់ជាកម្មករជីករ៉ែតស៊ូក្នុងជីវិត។
ក្នុងការប្រកួតនោះ CD Colunga បានចាញ់ CD Praviano ០-២ ដោយ Gonzalez បានចូលលេងប្រហែល ៣០ នាទី មុនត្រូវបានប្តូរចេញ។
ទោះបីលទ្ធផលមិនបានឈ្នះក៏ដោយ ប៉ុន្តែការចូលលេងរបស់អ្នកចាំទីវ័យ ៧០ ឆ្នាំរូបនេះ បានក្លាយជារឿងដែលបង្ហាញពីតម្លៃនៃការលះបង់ សេចក្ដីស្រឡាញ់ទៅលើកីឡា និងផ្តល់ជាគម្រូសម្រាប់កីឡាករជំនាន់ក្រោយ៕ អត្ថបទ៖នាង សុភាវុធ

