ព្រឹត្តិការណ៍ជិះកង់ចម្ងាយ ១,២១២គីឡូម៉ែត្រលើកដំបូងនៅកម្ពុជា ដែលរៀបចំដោយក្លិបកីឡាជិះកង់អូដាកកម្ពុជា បានបញ្ចប់ដោយជោគជ័យ ក្រោយចំណាយពេល ៣យប់ ៤ថ្ងៃ ឬប្រមាណ ៩០ម៉ោង ដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានចាត់ទុកព្រឹត្តិការណ៍នេះ ជាការបង្ហាញប្រាប់ពិភពលោកថា កម្ពុជាមានសន្ដិភាព សុវត្ថិភាព គ្រប់ពេលវេលា និងគ្រប់ទីកន្លែង សម្រាប់ភ្ញៀវទេសចរក៏ដូចជាវិនិយោគិនជាតិ និងអន្ដរជាតិ។
ការលើកឡើងនេះ បន្ទាប់ពីឯកឧត្តមរដ្ឋមន្ដ្រី បានអញ្ជើញបំពាក់មេដាយកិត្តិយសសំណេះសំណាល និងផ្ដល់ការលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ដែលបានចូលរួម និងទទួលបានជ័យលាភី នៅទីស្ដីការក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៥ ខែឧសភានេះ បន្ទាប់ពីព្រឹត្តិការណ៍ជិះកង់ចម្ងាយឆ្ងាយលើកដំបូងនេះ បានចាប់ផ្ដើមតាំងពីម៉ោង ៤ព្រឹកថ្ងៃទី១ រហូតដល់យប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ដោយបានឆ្លងកាត់ ១២រាជធានី-ខេត្តនៅកម្ពុជា។
ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ថា កីឡាក៏សំខាន់ ទេសចរណ៍ក៏សំខាន់ ហើយកីឡា បូកទេសចរណ៍ គឺជាការលើកកម្ពស់តម្លៃបន្ថែមសម្រាប់វិស័យទេសចរណ៍ ពិសេសក្នុងឱកាសដែលកម្ពុជា ទើបបើកយុទ្ធនាការរដូវកាលបៃតង ឆ្នាំ២០២៦ ដើម្បីជាប្រយោជន៍រួម សម្រាប់ប្រជាពលរដ្ឋ សេដ្ឋកិច្ច និងប្រទេសជាតិ ហើយតាមរយៈការជិះកង់ ទាំងថ្ងៃ ទាំងយប់នេះ ក៏បង្ហាញថា កម្ពុជា គឺមានសុខសន្ដិភាព និងសុវត្ថិភាពពេញលេញផងដែរ។
ទន្ទឹមជាមួយកីឡាករជនជាតិឥណ្ឌា ឌីប៉ាក់ ដែលបានជិះកង់បញ្ចប់ទីចម្ងាយ ១,២១២គីឡូម៉ែត្រ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ជាមួយមោទនភាព ដែលបានធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្តជាច្រើន ប្រកបដោយភាពកក់ក្ដៅ និងការស្វាគមន៍ពីប្រជាពលរដ្ឋតាមដងផ្លូវ ហើយលោកក៏បានលើកទឹកចិត្តដល់អ្នកជិះកង់ ឬទេសចរណ៍បរទេស ដែលមិនទាន់បានមកលេងកម្ពុជា គួរមកកម្សាន្ដនៅកម្ពុជាឲ្យបានម្ដងយ៉ាងតិចក្នុងមួយជីវិតទៀតផង។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់ចម្ងាយ ១,២១២គីឡូម៉ែត្រ ដែលក្លិបកីឡាជិះកង់អូដាក បានរៀបចំនាដើមខែឧសភានេះ បានចាប់ផ្ដើមចេញដំណើរពីវិមានឯករាជ្យរាជធានីភ្នំពេញ ហើយឆ្លងកាត់ ១១ខេត្តផ្សេងទៀត រួមមានខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្ដក្រចេះ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តសៀមរាប បន្ទាយមានជ័យ ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់លោក ឈួន សុភ័ក្ដ្រ ប្រធានក្លិប ហើយមានការចូលរួមសម្របសម្រួល និងជិះផ្ទាល់ផងដែរ ពីឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិក្រសួងទេសចរណ៍ ព្រមទាំងកីឡាករ-កីឡាការិនីជាតិ-អន្ដរជាតិសរុប ៧ប្រទេស ដែលបានចូលរួមព្រឹត្តិការណ៍នេះ៕ អត្ថបទ លី ឈុនឡា


