ខណៈដែលការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 កំពុងខិតជិតមកដល់ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ទៀត មានការព្រួយបារម្ភថា អ្នកគាំទ្របាល់ទាត់រាប់លាននាក់នៅប្រទេសមានប្រជាជនច្រើនបំផុតពីរនៅពិភពលោក អាចខកខានទស្សនាការប្រកួត។
បញ្ហាសំខាន់គឺជាការជាប់គាំងលើសិទ្ធិផ្សាយនៅប្រទេសឥណ្ឌា និងការមិនទាន់មានសេចក្ដីសម្រេចផ្លូវការណាមួយជុំវិញការទិញសិទ្ធិផ្សាយនៅចិន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅឥណ្ឌាក្រុមហ៊ុនរួម Reliance-Disney បានដាក់សំណើប្រមាណ ២០ លានដុល្លារ សម្រាប់ការទិញសិទ្ធិផ្សាយ World Cup ប៉ុន្តែចំនួននេះនៅតិចជាងការទាមទាររបស់ FIFA និងត្រូវបានបដិសេធ។
នៅខាងប្រទេសចិនក៏មិនទាន់មានការប្រកាសកិច្ចព្រមព្រៀងណាមួយទេ ទោះបីជា FIFA បានបញ្ជាក់ថា ប្រទេសនេះធ្លាប់មានចំណែកដល់ជិត ៥០% នៃម៉ោងទស្សនាសរុបលើវេទិកាឌីជីថល និងបណ្តាញសង្គម កាលពីព្រឹត្តិការណ៍ World Cup 2022 នៅកាតាក៏ដោយ។
អ្នកនាំពាក្យរបស់ FIFA បានបញ្ជាក់ថា ការចរចាសិទ្ធិផ្សាយសម្រាប់ប្រទេសទាំងពីរនេះនៅតែបន្ត ហើយព័ត៌មានទាក់ទងត្រូវរក្សាជាសម្ងាត់។
គួរបញ្ជាក់ថា FIFA World Cup 2026 នឹងចាប់ផ្តើមនៅថ្ងៃទី ១១ ខែមិថុនា ដែលមានពេលតិចជាង ៥ សប្ដាហ៍សម្រាប់បញ្ចប់កិច្ចព្រមព្រៀង រៀបចំបណ្ដាញផ្សាយ និងលក់ការផ្សាយពាណិជ្ជកម្ម។
បញ្ហានេះអាចប៉ះពាល់យ៉ាងខ្លាំងដល់អ្នកគាំទ្របាល់ទាត់ នៅប្រទេសដែលមានប្រជាជនច្រើនជាងគេទាំងពីរ ប្រសិនបើមិនអាចសម្រេចកិច្ចព្រមព្រៀងបានទាន់ពេល។
មកទល់ពេលនេះ FIFA បានឲ្យដឹងថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយភ្នាក់ងារផ្សព្វផ្សាយនៅលើសពី ១៧៥ ប្រទេសជុំវិញពិភពលោករួចហើយ៕ អត្ថបទ៖នាង សុភាវុធ

