នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា បន្ទាប់ពីអេមីរ៉ាតអារ៉ាប់រួមបានរាយការណ៍ពីការវាយប្រហារជាលើកដំបូង ចាប់តាំងពីបទឈប់បាញ់ ត្រូវបានប្រកាសជិតមួយខែកន្លងមកនេះ។

លោក Starmer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ចក្រភពអង់គ្លេសថ្កោលទោសចំពោះការវាយប្រហារដោយយានដ្រូន និងមីស៊ីលដែលកំណត់គោលដៅលើអារ៉ាប់រួម»។

«ការកើនឡើងភាពតានតឹងនេះ ត្រូវតែបញ្ឈប់។ អ៊ីរ៉ង់ត្រូវចូលរួមប្រកបដោយអត្ថន័យក្នុងការចរចា ដើម្បីធានាថា បទឈប់បាញ់នៅមជ្ឈិមបូព៌ា នៅតែបន្ត ហើយដំណោះស្រាយការទូតរយៈពេលវែង ត្រូវបានសម្រេច»។
អេមីរ៉ាតអារ៉ាប់រួម ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក និងជាដៃគូអារ៉ាប់សំខាន់របស់អ៊ីស្រា អែល បាននិយាយថា ខ្លួនបានរងការវាយប្រហារដោយមីស៊ីល និងយានដ្រូនពីអ៊ីរ៉ង់កាលពីថ្ងៃចន្ទ៕