ភ្នំពេញ៖ រដ្ឋមន្រ្ដីចំនួនបីក្រសួងគ្រប់គ្រងលើវិស័យ កសិកម្ម-ទឹក និងជនបទ បានបង្ហាញនូវការប្ដេជ្ញាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តសហការ និងគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមការងារកសិកម្ម-ទឹក-ជនបទ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងវិជ្ជាជីវៈខ្ពស់ក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ។

ការបង្ហាញនូវការប្ដេជ្ញានេះ ធ្វើនៅកិច្ចប្រជុំត្រី-វិស័យលើកទី៦ ស្តីពី កសិកម្ម-ទឹក-ជនបទ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម ដើម្បីពិនិត្យ វឌ្ឍនភាពការងាររួមគ្នា ពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លេខាធិការដ្ឋាន និងមន្ត្រីជំនាញនៃក្រសួងទាំង៣ផងដែរ។
ក្រោយកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីទាំង ៣ ក្រសួង បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តសហការ និងគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមការងារកសិកម្ម-ទឹក-ជនបទ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និង វិជ្ជាជីវៈខ្ពស់ក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ។
បន្ទាប់ពីស្តាប់របាយការណ៍ និងសំណើរបស់ក្រុមការងារត្រី-វិស័យ ឯកឧត្តមរដ្ឋមន្ត្រី ទាំង ៣ ក្រសួង បានទទួលស្គាល់ និងឯកភាពនូវចំណុចដូចខាងក្រោម៖
១. ក្នុងស្មារតីសហថាមពលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កិច្ចសហការយ៉ាងជិតស្និទ្ធ រវាងក្រសួងទាំងបី បានបង្ហាញយ៉ាងច្បាស់នូវការបង្រួបបង្រួមឆន្ទៈតែមួយ ក្នុងការដោះស្រាយ បញ្ហាប្រឈមជាប្រព័ន្ធ ដើម្បីប្រែក្លាយតំបន់ជនបទឱ្យទៅជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។
២. វាយតម្លៃខ្ពស់លើរបាយការណ៍វឌ្ឍនភាព ព្រមទាំងសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានដោយ ក្រុមការងារត្រីវិស័យ (កសិកម្ម-ទឹក-ជនបទ)។
៣. សម្រេចឯកភាពលើលក្ខខណ្ឌការងារ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការអនុវត្តត្រីវិស័យ សម្រាប់ឆ្នាំ ២០២៧-២០៣១ ដើម្បីធានានិរន្តរភាពការងារនាពេលអនាគត។
៤. ឯកភាពជម្រុញការអនុវត្តសកម្មភាពរួមគ្នានៅតាមសហគមន៍គោលដៅ និងបន្តចុះសិក្សាស្វែង យល់បន្ថែមអំពីសហគមន៍ដែលមានសក្តានុពលផ្សេងទៀត ដើម្បីពង្រីកវិសាលភាពអនុវត្តក្នុង ជំហានបន្ទាប់។
៥. ប្តេជ្ញាខិតខំកៀរគរធនធាន និងស្វែងរកការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីគ្រប់ភាគី ពាក់ព័ន្ធ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការអនុវត្តផែនការសកម្មភាពត្រីវិស័យ។
៦. សនិទានកម្មថវិកា (Budget Rationalization) និងរៀបចំផែនការថវិកា សម្រាប់គាំទ្រដល់ការ អនុវត្តផែនការសកម្មភាពរួមរបស់ក្រុមកាងារត្រីវិស័យ។
៧. ឯកភាពដាក់បញ្ចូលទីតាំងដែលមានជនភៀសសឹកស្នាក់នៅ ក្នុងផែនការសកម្មភាពរបស់ក្រុម ការងារត្រី-វិស័យក្នុងគោលដៅលើកកម្ពស់ជីវភាព។
៨. ឯកភាពសិក្សាលម្អិតនៅទីតាំងប្រភពទឹកដែលមានលទ្ធភាពសាងសង់ប្រព័ន្ធស្តុកទឹកសម្រាប់ដាំ ស្មៅចំណីគោ។
៩. ឯកភាពចូលរួមវិបស្សនា (Retreat) រួមគ្នាដើម្បីរៀបចំផែនការសកម្មភាពនិងផែនការថវិកា៕




