ការប្រកួតកីឡាចំបាប់ នៃព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ បានទាក់ទាញក្រុមចូលរួមរហូតដល់ ១០រាជធានី-ខេត្ត ដោយមានកុមារា-កុមារីជាង ៤០នាក់ចូលរួម ដែលវិជ្ជមានថ្មីមួយ នៃភាពរីកចម្រើនរបស់វិស័យកីឡាចំបាប់នៅកម្ពុជា។

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជាក់ថា កំណើនក្រុមចូលរួម ពិសេសកំណើនកុមារតូចៗ ដែលបានហ្វឹកហាត់កីឡាចំបាប់នេះ គឺបង្ហាញពីភាពរីកចម្រើននៃធនធានបន្ដវេន ស្របតាមការគិតគូរ និងយកចិត្តទុកដាក់របស់សហព័ន្ធ ក្នុងការពង្រីក និងជំរុញការហ្វឹកហាត់តាមមូលដ្ឋានកាន់តែច្រើន ដើម្បីស្វែងរកធនធានកីឡាករ-កីឡាការិនីឆ្នើមត្រៀមបន្ដវេន សម្រាប់ការប្រកួតប្រជែង ទាំងថ្នាក់ជាតិ និងអន្ដរជាតិនាថ្ងៃអនាគត។
សូមបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ប្រចាំព្រឹត្តិការណ៍សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ បានប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែឧសភា នាសាលកីឡាចំបាប់នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមាន ៤ប្រភេទវិញ្ញាសា គឺចំបាប់សេរី កុមារា (-៣៥គីឡូក្រាម) និង (-៤១គីឡូក្រាម) ចំបាប់សេរី កុមារី (-៣០គីឡូក្រាម) និង (-៣៨គីឡូក្រាម)។ ជាលទ្ធផល ក្រុមកីឡាចំបាប់រាជធានីភ្នំពេញឈរលើគេក្នុងតារាងមេដាយដោយទទួលបានមេដាយមាស២ និង សំរឹទ្ធ១៕ អត្ថបទ លី ឈុនឡា






