ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាននិយាយកាលពីថ្ងៃចន្ទថា ឧបករណ៍ត្រួតពិនិត្យឧតុនិយមនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលកាន់កាប់ដោយរុស្ស៊ីនៅភាគអាគ្នេយ៍អ៊ុយក្រែន ត្រូវបានខូចខាត ដោយការវាយប្រហារដោយយានដ្រូន។

រោងចក្រ Zaporizhzhia ជារោងចក្រធំជាងគេនៅអឺរ៉ុប ដែលមានរ៉េអាក់ទ័រចំនួន ៦ ត្រូវបានកងកម្លាំងរុស្ស៊ីរឹបអូស នៅក្នុងសប្តាហ៍ដំបូងនៃការឈ្លានពានរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ចាប់តាំងពីពេលនោះមក ភាគីនីមួយៗតែងតែចោទប្រកាន់គ្នាទៅវិញទៅមកអំពីសកម្មភាពយោធាដែលអាចធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពនៅរោងចក្រ ដែលមានទីតាំងនៅជិតខ្សែត្រៀមសង្គ្រាម។

ដោយបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X IAEA បាននិយាយថា ក្រុមអ្នកជំនាញរបស់ខ្លួន បានទៅ ពិនិត្យមើលមន្ទីរពិសោធន៍ត្រួតពិនិត្យវិទ្យុសកម្មខាងក្រៅរបស់រោងចក្រនេះ មួយថ្ងៃបន្ទាប់ពីថ្នាក់គ្រប់គ្រងរោងចក្ររបស់រុស្ស៊ី បាននិយាយថា វាត្រូវរងការវាយប្រហារដោយយានដ្រូន។
IAEA ដែលជាអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖«ក្រុមការងារបានសង្កេតឃើញការខូចខាតដល់ឧបករណ៍ត្រួតពិនិត្យឧតុនិយមមួយចំនួនរបស់មន្ទីរពិសោធន៍ ដែលមិនអាចដំណើរការបានតទៅទៀតហើយ»៕