សាជីវកម្មផ្សព្វផ្សាយរបស់អ៊ីស្រាអែល បានដកស្រង់សម្តីមន្ត្រីសន្តិសុខអ៊ីស្រាអែលម្នាក់ដែលបាននិយាយថា ភាពតានតឹងកាន់តែខ្លាំងឡើងជាមួយអ៊ីរ៉ង់ «បម្រើឲ្យផលប្រយោជន៍គ្រប់ភាគីទាំងអស់» ដែលចង់វិលត្រឡប់ទៅរកការប្រយុទ្ធប្រឆាំងទីក្រុងតេអេរ៉ង់ រួមទាំងអ៊ីស្រាអែល ផងដែរ។

ប៉ុស្តិ៍ទូរទស្សន៍ Channel 12 របស់អ៊ីស្រាអែល និងសារព័ត៌មាន Israel Hayom ដែលដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែល ក៏បាននិយាយផងដែរថា ការវាយតម្លៃរបស់អ៊ីស្រាអែលបង្ហាញថា អ៊ីរ៉ង់ពុំមានបំណងវាយប្រហារអ៊ីស្រាអែលនាពេលបច្ចុប្បន្ននេះទេ ហើយការវាយតម្លៃផ្នែកនយោបាយរបស់អ៊ីស្រាអែលបាននិយាយផងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump មិនចង់វិលត្រឡប់ទៅរកការប្រយុទ្ធគ្នានៅអ៊ីរ៉ង់វិញនោះទេ។
ទោះជាយ៉ាងណា យោធាអ៊ីស្រាអែល កំពុងបង្កើនស្ថានភាពប្រុងប្រយ័ត្នរបស់ខ្លួននៅក្នុងវិស័យជាក់លាក់ ជាពិសេសប្រព័ន្ធការពារដែនអាកាស និងកងទ័ពអាកាសអ៊ីស្រាអែល ក្នុងការត្រៀមទុកមុននូវការវាយប្រហារភ្លាមៗរបស់អ៊ីរ៉ង់ នេះបើយោងតាមរបាយការណ៍។
អាកាសយានដ្ឋានអន្តរជាតិ Ben Gurion ក៏ត្រូវបានដាក់ឱ្យស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នផងដែរ ដោយមានការត្រៀមនៅនឹងកន្លែងប្រសិនបើអ៊ីស្រាអែលសម្រេចបិទដែនអាកាសរបស់ខ្លួនម្តងទៀត។
ប្រភពព័ត៌មានពីយោធាអ៊ីស្រាអែលនិយាយថា យោធាក៏បានត្រៀមកំណត់គោលដៅនាពេលអនាគតជាច្រើនកន្លែងនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយការវាយប្រហារនាពេលខាងមុខផ្តោតលើទីតាំងផលិតថាមពល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ីរ៉ង់។
