ការវិភាគរបស់តីភ្នាក់ងារសារព័ត៌មាន AFP លើទិន្នន័យពីវិទ្យាស្ថានសិក្សាពីសង្គ្រាម (ISW) បានបង្ហាញថា រុស្ស៊ីបានបាត់បង់ទឹកដីច្រើន ជាងអ្វីដែលខ្លួនដណ្ដើមបាន នៅអ៊ុយក្រែន ក្នុងខែមេសា ដោយនេះជាលើកដំបូង គិតចាប់តាំងពីមានការវាយបកតបវិញរបស់អ៊ុយក្រែន នារដូវក្តៅឆ្នាំ២០២៣។
ទិន្នន័យរបស់ ISW បានបង្ហាញថា ទីក្រុងមូស្គូបានបាត់បង់ការគ្រប់គ្រងប្រហែល ១២០គីឡូម៉ែត្រការ៉េ ចន្លោះខែមីនា និងខែមេសា។ ទោះបីជាការប្រយុទ្ធគ្នា នៅតំបន់ជួរមុខ ជិតស្ថិតក្នុងស្ថានភាពនៅទ្រឹងក៏ដោយ ក៏ការវាយប្រហារយ៉ាងខ្លាំងក្លា និងបណ្ដាលឲ្យមានអ្នកស្លាប់ ដោយយានដ្រូន នៅតែបន្តមិនថមថយនោះឡើយ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលការចរចាដឹកនាំដោយសហរដ្ឋអាមេរិក ស្ដីពីជម្លោះនេះ បានជាប់គាំង ស្របពេលដែលសង្គ្រាមមជ្ឈិមបូព៌ា នៅតែបន្តមានយ៉ាងយឺតៗជាលំដាប់។

ការរុលទៅមុខរបស់រុស្ស៊ី បានធ្លាក់ចុះចាប់តាំងពីចុងឆ្នាំ២០២៥ ខណៈដែលបញ្ហាទំនាក់ទំនង នៅក្នុងកងទ័ពរុស្ស៊ី រួមផ្សំជាមួយនឹងការវាយបករបស់អ៊ុយក្រែន បានជួយឲ្យទីក្រុងគីវសម្រេចបាននូវការទម្លុះទីតាំងរបស់សត្រូវ នៅតំបន់ភាគអាគ្នេយ៍។
ISW ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានឲ្យដឹងថា៖ «ការវាយប្រហារចម្ងាយមធ្យមរបស់អ៊ុយក្រែន ការរារាំងមិនឲ្យចូលប្រើប្រាស់ស្ថានីយផ្កាយរណប Starlink របស់រុស្ស៊ី នៅអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ និងការរឹតបន្តឹងកម្មវិធីផ្ញើសារ Telegram របស់វិមានក្រឹមឡាំង បានធ្វើឲ្យបញ្ហាដែលមានស្រាប់នៅក្នុងយោធារុស្ស៊ីកាន់តែធ្ងន់ធ្ងរឡើង»។
តែទោះជាយ៉ាងនេះក្ដី កងកម្លាំងរុស្ស៊ីក្នុងចំនួនដ៏តិចតួច នៅតែមានវត្តមាន នៅក្នុងតំបន់ប្រហែល ៣ភាគ៤នៃតំបន់ដែលអ៊ុយក្រែនបានដណ្តើមបានវិញ។ នេះបើយោងតាមការវាយតម្លៃរបស់សារព័ត៌មាន AFP ដោយផ្អែកលើទិន្នន័យ ISW៕


