លោក Dave Gomez លេខាធិការស្តីទីនៃការិយាល័យទំនាក់ទំនងប្រធានាធិបតី (PCO) បាននិយាយនៅថ្ងៃអង្គារ (ទី៥ ខែឧសភា ឆ្នាំ២០២៦) នេះថា កិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន (ASEAN) លើកទី៤៨ នៅទីក្រុង Cebu ប្រទេសហ្វីលីពីន នាចុងសប្តាហ៍នេះ នឹងពិភាក្សាអំពីវិធីដែលរដ្ឋជាសមាជិកអាចធានាសន្តិសុខថាមពល នាអំឡុងពេលមានភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា។
អំឡុងសន្និសីទសារព័ត៌មាន លោក Gomez បានលើកឡើងថា លោកប្រធានាធិបតី Ferdinand Marcos Jr. បានផ្តួចផ្តើមឲ្យមានការផ្តោតអារម្មណ៍ឡើងវិញ លើរបៀបវារៈនៃកិច្ចប្រជុំកំពូល។ ប្រទេសហ្វីលីពីន គឺជាប្រធាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) សម្រាប់ឆ្នាំនេះ។

លោកបានបញ្ជាក់ថា៖ «ដោយសារផលប៉ះពាល់បណ្ដាលពីភាពតានតឹងនៅមជ្ឈិមបូព៌ា ដែលបង្កការលំបាកយ៉ាងខ្លាំងដល់តំបន់អាស៊ី តាមគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី Ferdinand Marcos Jr. បណ្ដាមេដឹកនាំ បានផ្តោតការចាប់អារម្មណ៍ឡើងវិញ លើរបៀបវារៈ ដើម្បីរួមបញ្ចូលការពិភាក្សា អំពីសន្តិសុខថាមពល និងការឆ្លើយតបរួម ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើរដ្ឋជាសមាជិកនីមួយៗ»។
ជាមួយគ្នានេះ លោក Gomez ក៏បាននិយាយផងដែរថា មេដឹកនាំអាស៊ានត្រៀមខ្លួនដោះស្រាយការលើកកម្ពស់ភាពធន់នឹងគ្រោះមហន្តរាយ ដោយការលើកឡើងនេះកើតមានប៉ុន្មានថ្ងៃបន្ទាប់ពីផេះភ្នំភ្លើង Mayon បានប៉ះពាល់ដល់ទីក្រុងជាច្រើននៅក្នុងខេត្ត Albay។ លោក Gomez បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលបើកមជ្ឈមណ្ឌលព័ត៌មានអន្តរជាតិអាស៊ានឆ្នាំ២០២៦ (IMC) នៅទីក្រុង Lapu-Lapu ខេត្ត Cebu មុនមានកិច្ចប្រជុំកំពូលនៅថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។
ពាក្យស្លោកនៃកិច្ចប្រជុំអាស៊ានឆ្នាំ២០២៦ នៅហ្វីលីពីន គឺ «ការរុករកអនាគតរបស់យើងរួមគ្នា» ដែលបង្ហាញពីឯកភាពក្នុងតំបន់ ភាពធន់ និងការប្តេជ្ញាចិត្ត ចំពោះសហគមន៍ដែលផ្តោតលើប្រជាជន ដោយផ្តោតលើការស្វែងរកបញ្ហាប្រឈម តាមរយៈការមានសកម្មភាពរួមគ្នា៕
