អ៊ុយក្រែន៖ យោងតាមអង្គភាពសេវាសង្គ្រោះបន្ទាន់រដ្ឋនៅក្នុងតំបន់ Dnipro បានឱ្យដឹងថា អាកាសយានដ្ឋាន Dnipro ក្នុងប្រទេសអ៊ុយក្រែនបានរងការវាយប្រហារដោយមីស៊ីលចំនួន ២លើកកាលពីថ្ងៃអាទិត្យ ហើយត្រូវបានបំផ្លាញទាំងស្រុង។

ទីបញ្ជាការយោធាអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានបន្តបាញ់ផ្លោងលើទីក្រុង Kharkov ជាទីក្រុងធំទីពីររបស់អ៊ុយក្រែន និងបានបន្តការឡោមព័ទ្ធទីក្រុង Mariupol ជាទីក្រុងកំពង់ផែភាគខាងត្បូងដ៏សំខាន់ដែលត្រូវបានរងការវាយប្រហារអស់រយៈពេលជិត ៦សប្ដាហ៍។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា មីស៊ីលដែលបាញ់បង្ហោះតាមអាកាសរបស់ខ្លួនបានវាយប្រហារប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 របស់អ៊ុយក្រែននៅក្នុងទីតាំងចំនួនពីរ ខណៈមីស៊ីលបាញ់បង្ហោះនៅសមុទ្របានបំផ្លាញទីស្នាក់ការកណ្តាល របស់អង្គភាពអ៊ុយក្រែននៅក្នុងតំបន់ Dnipro។ គ្មានការអះអាងពីខាងភាគីយោធាទាំង២ អាចផ្ទៀងផ្ទាត់បានដោយឯករាជ្យនោះទេ។ មន្ទីរបញ្ចកោណបាននិយាយថា រុស្ស៊ីប្រើប្រាស់កងកម្លាំងរថពាសដែក សម្រាប់ដំណាក់កាលបន្ទាប់របស់ខ្លួនក្នុងសង្គ្រាមនៅអ៊ុយក្រែន៕
អត្ថបទ៖ ប៊ុនថន