នៅថ្ងៃអង្គារនេះ ប្រជាពលរដ្ឋអ៊ុយក្រែនរស់នៅក្នុងទីក្រុងគីវ បានបង្ហាញនូវភាពមន្ទិលសង្ស័យជាខ្លាំងរបស់ពួកគេចំពោះបទឈប់បាញ់នៅទិវាជ័យជំនះដែលត្រូវបានប្រកាសឡើងដោយប្រធានាធបិតីរុស្ស៊ីលោក Vladimir Putin ស្របពេលដែលអ៊ុយក្រែន និងរុស្ស៊ី បានដាក់សំណើសុំផ្អាកការប្រយុទ្ធគ្នា ។
អ្នកស្រុករស់នៅក្នុងរដ្ឋធានីរបស់អ៊ុយក្រែនមួយនេះ និយាយថា ពួកគេពុំធ្លាប់ដែលទុកចិត្តម្តងណាឡើយថា លោក Putinនឹងគោរពបទឈប់បាញ់នោះ ដោយពួកគេមានការព្រួយបារម្ភដល់ការចោទប្រកាន់ថ្មីលើអ៊ុយក្រែន ហើយនិងបានបង្ហាញមន្ទិលសង្ស័យថា ការវាយប្រហាររបស់រុស្ស៊ីនឹងមិនបញ្ឈប់នោះទេ ពុំសំខាន់ថា ទីក្រុងគីវបានធ្វើអ្វីនោះឡើយ ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយនៅថ្ងៃអង្គារនេះថា រុស្ស៊ីបានបង្ហាញឥរិយាបទមិនគួរឲ្យទុកចិត្ត ដោយអំពាវនាវឲ្យមានបទឈប់បាញ់ ស្របពេលដែលមនុស្ស ៥នាក់ ត្រូវបានសម្លាប់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារទាំងយប់របស់រុស្ស៊ី ដែលមានគោលដៅសំខាន់លើហេដ្ឋារចនាសម្ព័ន្ធថាមពល ។
នៅមុននេះ រុស្ស៊ី បានប្រកាសបទឈប់បាញ់រយៈពេល ២ថ្ងៃ នៅថ្ងៃទី ៨-៩ ខែឧសភា ដើម្បីប្រារព្ធទិវាជ័យជំនះសង្រ្គាមលោកលើកទី ២របស់រុស្ស៊ី ដោយពួកគេព្រមានថា រាល់ការប៉ុនប៉ងណាមួយ ដើម្បីបង្អាក់ការប្រារព្ធពិធីនេះ នឹងបង្កឲ្យមានការសងសឹកយ៉ាងខ្លាំងក្លា ។
កាលពីថ្ងៃចន្ទ លោក Zelenskiy និយាយថា អ៊ុយក្រែននឹងគោរពបទឈប់បាញ់របស់ខ្លួនឯង ចាប់ពីយប់ពាក់កណ្តាលអាធ្រាត្រថ្ងៃអង្គារនេះតទៅ ដោយរូបលោកបន្តថា រុស្ស៊ីពុំបានឆ្លើយតបចំពោះការអំពាវនាវជាយូររបស់ទីក្រុងគីវឲ្យមានបទឈប់បាញ់យូរអង្វែងម្តងណានោះទេ ៕

