ការវាយប្រហារដោយប្រើប្រាស់រថយន្តបើកដេញបុកនៅទីក្រុងភាគខាងកើត Leipzig ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃចន្ទ បណ្តាលឲ្យអ្នកស្រុកមានការតក់ស្លុតជាខ្លាំង និងព្រួយបារម្ភនៅថ្ងៃអង្គារនេះ ។
យ៉ាងហោចណាស់មនុស្ស ២នាក់ ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស ពេលដែលរថយន្តមួយគ្រឿងបើកចូលតំបន់ថ្មើរជើង ។
នៅព្រឹកបន្ទាប់ អ្នកស្រុកម្នាក់រស់នៅក្នុងទីក្រុង Leipzig និយាយថា លោកគ្មានពាក្យអ្វីត្រូវនិយាយនោះទេ ក្រោយឃើញហេតុការណ៍រថយន្តបើកដេញបុកមនុស្សបែបនេះ ។
អ្នកស្រុកម្នាក់ទៀត និយាយដែរថា ឧបទ្ទេវហេតុនេះ មិនសមកើតឡើងទាល់តែសោះ ហើយគួរឲ្យខកចិត្តជាខ្លាំង ។

នគរបាល បានចុះប្រតិបត្តិការទ្រង់ទ្រាយធំនៅតំបន់កើតហេតុ ដោយមានការចូលរួមពីរថយន្តសង្រ្គោះបន្ទាន់ជាច្រើនគ្រឿង និងការបិទផ្លូវ ។
យោងតាមការអះអាងរបស់ប្រធានសេវាកម្មពន្លត់អគ្គិភ័យក្រុង Leipzig លោក Axel Schuhបានឲ្យដឹងថា ភ្នាក់ងារពន្លត់អគ្គិភ័យ ៤០នាក់ និងបុគ្គលិករថយន្តគិលានសង្រ្គោះ ៤០នាក់ បានទៅដល់កន្លែងកើតហេតុភ្លាមៗ ក្រោយការវាយប្រហារកាលពីថ្ងៃចន្ទ ។
លោកបន្តថា ការបញ្ជូនមន្រ្តីច្រើនបែបនេះ ទៅកាន់កន្លែងកើតហេតុ ដោយសារពួកយើង សង្ស័យថា នឹងមានគ្រោះថ្នាក់ដល់មនុស្សច្រើននាក់ ៕
