កងកម្លាំងប្រដាប់អាវុធស៊ូដង់ បានដាក់ការស្តីបន្ទោសការវាយប្រហារយានដ្រូនកាលពីថ្ងៃចន្ទដែលមានគោលដៅអាកាសយានដ្ឋានក្រុង Khartoum លើអារ៉ាប់រួម និងអេត្យូពី ដែលជាការវាយប្រហារចុងក្រោយ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើឲ្យរង្គោះរង្គើរដល់ភាពស្ងប់ស្ងាត់អស់មួយរយៈពេលនៅក្នុងរដ្ឋធានីប្រទេសស៊ីដង់មួយនេះ ដែលបានធ្លាក់ក្នុងសង្រ្គាមស៊ីវិលអស់រយៈពេល ៣ឆ្នាំមកហើយ ។
ពុំទាន់មានភាគីណាមួយក្នុងចំណោមប្រទេសទាំង ២ បានធ្វើសេចក្តីអត្ថាធិប្បាយចំពោះកាចោទប្រកាន់កាលពីយប់ថ្ងៃចន្ទនេះឡើយ ។
ស៊ូដង់ តែងតែចោទប្រកាន់អារ៉ាប់រួមថា គាំទ្រកងកម្លាំងគាំទ្ររហ័ស(RSF) គឺជាការចោទប្រកាន់មួយដែលរដ្ឋតំបន់ឈូងសមុទ្រអារ៉ាប់មួយនេះ បានច្រានចោល ហើយនិងបានចោទប្រកាន់ប្រទេសអេត្យូពីថា បានជាប់ពាក់ព័ន្ធនឹងជម្លោះ កាលពីដើមខែនេះ ។

ក្រុមអ្នកស្រុកនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការវាយប្រហារដែលបានធ្វើឡើងចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនរហូតមក បានវាយប្រហារគោលដៅយោធា និងតំបន់ជនស៊ីវិល នៅក្នុងទីក្រុង Khartoum ជាទីដែលមានពលរដ្ឋច្រើនកុះករ ចាប់ផ្តើមវិលត្រឡប់មករស់នៅវិញ ជាទីដែលមានក្រសួង និងទីភ្នាក់ងារអន្តរជាតិជាច្រើន ចាប់តាំងពីកងទ័ព បានរឹបអូសទីនោះ កាលពីខែមីនា ឆ្នាំ ២០២៥ ។
ក្រុមសាក្សីនិយាយថា ការវាយប្រហារយានដ្រូនកាលពីថ្ងៃចន្ទ មានគោលដៅអាកាសយានដ្ឋានអន្តរជាតិក្រុង Khartoum ជាទីដែលការប្រយុទ្ធគ្នាដំបូងបំផុត បានផ្ទុះឡើងរវាងយោធា និងកងកម្លាំងប៉ារ៉ា RSF កាលពីខែមេសាឆ្នាំ ២០២៣ ហើយនិងទទួលបានជើងហោះហើរអន្តរជាតិលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៣ឆ្នាំ កាលពីសប្តាហ៍មុន ៕
