មន្ត្រីបាននិយាយថា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ នេះ ដើម្បីធ្វើជាសាក្សីនៃសមយុទ្ធប្រយុទ្ធអន្តរជាតិ និងធ្វើកិច្ចពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ដែលមានបំណងពង្រីកចំណងមិត្តភាពការពារជាតិរវាងប្រទេសទាំងពីរ។

កិច្ចប្រជុំរបស់លោក Koizumi នៅរដ្ឋធានីម៉ានីល ជាមួយលោក Marcos និងរដ្ឋមន្ត្រីការពារជាតិ លោក Gilberto Teodoro Jr. អាចរួមបញ្ចូលការពិភាក្សាអំពីការបញ្ជូននាវាពិឃាតជប៉ុនដែលប្រើរួចទៅកាន់ប្រទេសហ្វីលីពីន។
ហ្វីលីពីន និងជប៉ុន ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកតិកាសញ្ញាមួយក្នុងឆ្នាំ ២០២៤ ដែលអនុញ្ញាតឲ្យ កងកម្លាំងរបស់ពួកគេ ធ្វើសមយុទ្ធប្រយុទ្ធទ្រង់ទ្រាយធំ។ កិច្ចព្រមព្រៀងចូលប្រើប្រាស់ទៅវិញទៅមក បានបើកផ្លូវឲ្យប្រទេសជប៉ុនដាក់ពង្រាយបុគ្គលិកយោធាចំនួន ១.៤០០ នាក់ ដើម្បីក្លាយជាអ្នកចូលរួមជាប្រចាំនៅក្នុងសមយុទ្ធដែលមានឈ្មោះថា Balikatan។
កងកម្លាំងសហរដ្ឋអាមេរិក ហ្វីលីពីន និងកងកម្លាំងសម្ព័ន្ធមិត្តផ្សេងទៀត ជារៀងរាល់ឆ្នាំ ចូលរួមក្នុងសមយុទ្ធ Balikatan ដែលមានន័យថា ស្មាកៀកស្មា ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នសន្តិសុខ និងទប់ស្កាត់ឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់៕
