កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់បាននិយាយថា ពួកគេបានផ្ញើកម្រងសំណួរអំពីការចូលរួមជាមួយកងទ័ពដល់យុវជនរាប់ម៉ឺននាក់។ បុរសអាយុ ១៨ឆ្នាំ គ្រប់រូប ត្រូវមានកាតព្វកិច្ចបំពេញវា និងចុះឈ្មោះសម្រាប់ការបម្រើយោធាដែលមានសក្តានុពលក្រោមច្បាប់ថ្មីមួយ។
អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន KNA បន្ទាប់ពីមានសំណើមួយថា យុវជនប្រហែល ១៩៤,០០០ នាក់ បានទទួលលិខិតមួយពីយោធាជាមួយនឹងកម្រងសំណួរចន្លោះថ្ងៃទី ១៥ ខែមករា និងថ្ងៃទី ២៤ ខែមេសា។ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ បាននិយាយថា ខ្លួនមិនទាន់មានទិន្នន័យ «គួរឲ្យទុកចិត្ត»ចំពោះចម្លើយ នៅឡើយទេ។
កម្រងសំណួរស្នើសុំទិន្នន័យផ្ទាល់ខ្លួន រួមទាំងស្ថានភាពរាងកាយ សុខភាព និងការអប់រំ និងថាតើពួកគេចង់ចូលរួមជាមួយកងទ័ពឬអត់។ អ្នកដែលបង្ហាញចំណាប់អារម្មណ៍ ត្រូវបានស្នើសុំឲ្យជ្រើសរើសសាខាដែលពួកគេពេញចិត្ត និងរយៈពេលនៃការបម្រើយោធាដែលមានសក្តានុពល ចាប់ពី ៦ខែដល់ជាង ៦ ឆ្នាំ។
ស្ត្រីក៏អាចបំពេញទម្រង់បែបបទនេះបានដែរ ប៉ុន្តែមិនត្រូវបានតម្រូវឲ្យបំពេញកាតព្វកិច្ច ក្រោមច្បាប់ទំនើបកម្មសេវាយោធាដែលត្រូវបានអនុម័តនៅចុងឆ្នាំមុននោះទេ។ ច្បាប់នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៊ែរឡាំង ដើម្បីបង្កើនចំនួនកងទ័ពពី ១៨៦.000នាក់ ដល់ ២៦០.000នាក់ បូករួមទាំងកងទ័ពបម្រុងចំនួន ២០០.000នាក់ នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០។ មន្ត្រីអាល្លឺម៉ង់ បានពិភាក្សាអំពីតម្រូវការក្នុងការបង្កើនកងទ័ព ចាប់តាំងពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ដោយលើកឡើងពី «ការគំរាមកំហែងរបស់រុស្ស៊ី»។
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានច្រានចោលការលើកឡើងថា រុស្ស៊ីមានចេតនាឈ្លានពានប្រឆាំងនឹងប្រទេសណាតូថា ជា«រឿងមិនសមហេតុផល»៕

