នាថ្ងៃអង្គារ (ទី៥ ខែឧសភា ឆ្នាំ២០២៦) នេះ កូរ៉េខាងត្បូងបានឲ្យដឹងថា អាជ្ញាធរនឹងស៊ើបអង្កេតមូលហេតុនៃការផ្ទុះបណ្ដាលឲ្យមានអគ្គិភ័យលើនាវាគ្រប់គ្រងដោយកូរ៉េខាងត្បូង នៅច្រកសមុទ្រ Hormuz ជាឧប្បត្តិហេតុដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងថា មកពីការវាយប្រហាររបស់អ៊ីរ៉ង់។

ក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មូលហេតុពិតប្រាកដនៃការកើតឡើងនូវគ្រោះថ្នាក់នេះ នឹងត្រូវបានដោះស្រាយ បន្ទាប់ពីនាវាទៅដល់កំពង់ផែ ហើយការវាយតម្លៃការខូចខាត ត្រូវបានបញ្ចប់»។ នាវាដឹកទំនិញមានទង់ជាតិប៉ាណាម៉ាដែលគ្រប់គ្រងដោយក្រុមហ៊ុនដឹកជញ្ជូនកូរ៉េខាងត្បូង HMM គឺមិនមានទំនិញ និងបោះយុថ្កាចតនៅពេលដែលការផ្ទុះ និងអគ្គិភ័យ បានកើតឡើងនៅថ្ងៃទី៤ ខែឧសភា។
ក្រសួងបានបញ្ជាក់ថា មិនមានអ្នកស្លាប់ និងរបួសនោះទេ ហើយអគ្គិភ័យត្រូវបានពន្លត់។ ក្រសួងបានបន្ថែមថា នាវាដែលមានឈ្មោះថា HMM Namu នឹងត្រូវអូសទៅកាន់កំពង់ផែក្បែរនោះ ដើម្បីវាយតម្លៃការខូចខាត និងជួសជុល។ អ្នកនាំពាក្យក្រុមហ៊ុន HMM បានឲ្យដឹងថា នាវិកចំនួន ២៤នាក់ នៅតែនៅលើនាវាដឹកទំនិញទូទៅទម្ងន់ ៣៥.០០០តោននេះ។ អ្នកនាំពាក្យរូបនេះបាននិយាយទៀតថា អគ្គិភ័យបានឆាបឆេះឡើងនៅក្នុងបន្ទប់ម៉ាស៊ីន ហើយរូបភាពវីដេអូពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា វាត្រូវបានពន្លត់។
យ៉ាងណាក្ដី ស្ថាប័នគ្រប់គ្រងហានិភ័យដែនសមុទ្ររបស់អង់គ្លេស Vanguard បានឲ្យដឹងថា អាជ្ញាធរនឹងស៊ើបអង្កេតថា តើការខូចខាតនេះអាចបណ្តាលមកពីការវាយប្រហារ មីនសមុទ្រ ឬវត្ថុខាងក្រៅផ្សេងទៀតដែរ ឬទេ។
តាមរយៈការបង្ហោះ នៅលើវេទិកាបណ្ដាញសង្គម Truth Social លោក Trump បាននិយាយថា អ៊ីរ៉ង់បានបាញ់ប្រហារទៅលើនាវានេះ និងគោលដៅផ្សេងទៀត ខណៈដែលសហរដ្ឋអាមេរិក បានចាប់ផ្តើមប្រតិបត្តិការ ដើម្បីបើកច្រកសមុទ្រ Hormuz សម្រាប់ការដឹកជញ្ជូនទំនិញ៕
