អង្គការសុខភាពពិភពលោក(WHO) បានចេញសេចក្តីថ្លែងការណ៍ជាវីដេអូពីវីរុស Hanta ក្រោយការរីករាលដាលឆ្លងសង្ស័យនៅលើនាវាទេសចរណ៍ប្រណីតមួយគ្រឿង ដែលឈប់សំចតនៅជិតតំបន់ឆ្នេរអាហ្វ្រិកខាងលិច ដឹកអ្នកដំណើរភាគច្រើនជាជនជាតិអង់គ្លេស អាមរិក និងអេស្ប៉ាញ ។
លោកស្រី Maria Van Kerkhove នាយិកាស្តីទីរបស់អង្គការ WHO ទទួលបន្ទុកការត្រៀមខ្លួន និងបង្ការជំងឺរាតត្បាត បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានតាមវីដេអូ ថា ពួកយើងកំពុងធ្វើការជាមួយអាជ្ញាធរនៅប្រទេសកាប់វើដ និងហូឡង់ ដើម្បីជម្លៀសអ្នកដំណើរឆ្លងវីរុស Hanta ចេញពីលើនាវា ។

លោកស្រីបន្តថា គិតត្រឹមថ្ងៃទី ៤ ខែឧសភា មានករណីសង្ស័យចំនួន ៦ករណី ត្រូវបានរាយការណ៍ រួមមានអ្នកស្លាប់ចំនួន ៣ នាក់ ។
ដោយឡែក ក្រុមអាជ្ញាធរនិយាយថា អ្នកដំណើរប្រហែល ១៥០ នាក់នៅតែជាប់ខ្លួននៅលើនាវា បន្ទាប់ពីមនុស្ស ៣នាក់ មានប្តីប្រពន្ធជនជាតិហូឡង់ និងជនជាតិអាល្លឺម៉ង់ម្នាក់បានស្លាប់ ហើយអ្នកផ្សេងទៀតបានធ្លាក់ខ្លួនឈឺ រួមទាំងជនជាតិអង់គ្លេសម្នាក់ដែលបានចាកចេញពីនាវា ហើយកំពុងត្រូវបានព្យាបាលនៅអាហ្វ្រិកខាងត្បូង ។
វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងបរិស្ថានរបស់ប្រទេសហូឡង់ ដែលកំពុងជួយក្នុងពេលមានការការផ្ទុះឡើងវីរុសបែបនេះ បាននិយាយថា វីរុស Hanta ត្រូវបានបញ្ជាក់នៅលើអ្នកជំងឺម្នាក់ដែលមានរោគសញ្ញា ។
លោកស្រី Van Kerkhove បានបញ្ជាក់ឡើងវិញថា ហានិភ័យចំពោះសាធារណៈជនមានកម្រិតទាបនៅឡើយ ហើយលោកស្រីនិយាយថា មនុស្សអាចនឹងឆ្លងតាមរយៈការប៉ះពាល់ជាមួយកណ្តុរឆ្លង ទឹកនោម ឬទឹកមាត់របស់វា ៕
