រដ្ឋាភិបាលស៊ូដង់ បានចោទប្រកាន់អេត្យូពីថា ជាអ្នកនៅពីក្រោយការវាយប្រហារដោយយានដ្រូនថ្មីៗនេះ លើទីតាំងនានា ក្នុងនោះរួមទាំងអាកាសយានដ្ឋាន នៅទីក្រុង Khartoum និងបានកោះអញ្ជើញឯកអគ្គរដ្ឋទូតរបស់ប្រទេសនេះ នៅថ្ងៃអង្គារ (ទី៥ ខែឧសភា ឆ្នាំ២០២៦) នេះ។
អ្នកនាំពាក្យយោធា នៅក្នុងប្រទេសស៊ូដង់ បាននិយាយថា រដ្ឋាភិបាលមានភស្តុតាង ដែលបង្ហាញថា ការវាយប្រហារដោយយានដ្រូនចំនួន ៤លើក ដែលបានកើតឡើងចាប់តាំងពីថ្ងៃទី១ ខែមីនា បានចេញមកពីអាកាសយានដ្ឋាន Bahir Dar របស់អេត្យូពី។

ចំណែកអេត្យូពីបានឲ្យដឹងនៅថ្ងៃអង្គារនេះថា កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) កំពុងបំពាក់អាវុធដល់ទាហានស៊ីឈ្នួលដែលប្រឆាំងនឹងរដ្ឋាភិបាលកណ្តាល នៅតំបន់ Tigray។ តាមរយៈសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះលើបណ្ដាញសង្កម X ក្រសួងការបរទេសបានលើកឡើងថា៖ «កងកម្លាំងប្រដាប់អាវុធស៊ូដង់ ក៏បានផ្តល់ផងដែរនូវអាវុធ និងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ទាហានស៊ីឈ្នួលទាំងនេះ ដោយហេតុដូចនេះ បានជួយសម្រួលដល់ការឈ្លានពានរបស់ពួកគេ តាមបណ្តោយព្រំដែនខាងលិចរបស់ប្រទេសអេត្យូពី»។
គួរបញ្ជាក់ថា យោធាស៊ូដង់ បានជាប់ក្នុងសង្គ្រាមជាមួយក្រុមយោធាប៉ារ៉ាដែលគេស្គាល់ថា ជាកងកម្លាំងគាំទ្ររហ័ស (RSF) ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ មក នៅពេលដែលក្រុម RSF បានវាយលុករដ្ឋធានី។ ការប្រយុទ្ធគ្នា ឥឡូវនេះបានងាកទៅរកការធ្វើសង្គ្រាមយានដ្រូនកាន់តែច្រើនដែលផ្តោតលើរដ្ឋ Kordofan និង Blue Nile៕

