រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កំពុងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីធ្វើកិច្ចពិភាក្សានានា ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់អ្នកការទូតរូបនេះទៅកាន់ប្រទេសចិន គិតចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបង្កឲ្យមានការរំខានខ្លាំងបំផុតភ្លាមៗ ចំពោះការផ្គត់ផ្គង់ប្រេងសកល ដែលជាលោកដំបូងក្នុងប្រវត្តិសាស្ត្រ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលើកម្មវិធីផ្ញើសារ Telegram ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា លោក Araghchi កំពុងធ្វើដំណើរនៅថ្ងៃអង្គារ (ទី៥ ខែឧសភា ឆ្នាំ២០២៦) នេះ ហើយនឹងធ្វើកិច្ចចរចាជាមួយសមភាគីចិនរបស់លោក គឺលោក Wang Yi។ អ៊ីរ៉ង់មិនបានបង្ហាញពីរយៈពេលនៃដំណើរទស្សនកិច្ចនេះនោះទេ ដោយគ្រាន់តែបញ្ជាក់ថា រូបលោកនឹងពិភាក្សាអំពីសភាពការណ៍វិវត្តន៍ ទាំងក្នុងតំបន់ និងអន្តរជាតិ។
អ្នកការទូតទាំង២ បានរក្សាការទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងអំឡុងពេលសង្គ្រាមអ៊ីរ៉ង់ ដោយបានជជែកតាមទូរស័ព្ទយ៉ាងហោចណាស់ ៣ដង។ ទីក្រុងប៉េកាំងបានបញ្ជាក់ជាថ្មី អំពីតម្រូវការឲ្យមានបទឈប់បាញ់ជាបន្ទាន់ ខណៈពេលដែលស្នើឲ្យប្រទេសទាំង២ គោរពអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Araghchi នេះ បានកើតឡើងនៅពេលដែលលោក Donald Trump កំពុងរៀបចំធ្វើដំណើរទៅកាន់ប្រទេសចិន នាសប្តាហ៍ក្រោយ ដែលជាលើកដំបូងរបស់ប្រធានាធិបតីអាមេរិក ក្នុងរយៈពេលជិត ១ទសវត្សរ៍។ កាលពីថ្ងៃចន្ទ មេដឹកនាំទៅពីគណបក្សសាធារណរដ្ឋរូបនេះបាននិយាយថា លោកទន្ទឹងរង់ចាំជួបជាមួយលោក Xi Jinping ដោយបង្ហាញថា ផែនការរបស់លោក ដើម្បីឲ្យមានជំនួបកំពូលនេះ នៅតែបន្តទៅមុខ៕