ភរិយារបស់សកម្មជន ២នាក់ ដែលត្រូវបានឃាត់ខ្លួននៅលើកងនាវាធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សា និយាយថា ស្វាមីរបស់ពួកគេ ត្រូវបានគេធ្វើទារុណកម្ម ហើយនិងបានធ្វើកូដកម្មបង្អត់អាហារ ក្រោយតុលាការអ៊ីស្រាអែលបន្តឃុំខ្លួនក្រុមសកម្មជន ។
លោក Saif Abu Keshek ជាជាតិអេស្ប៉ាញ និងលោក Thiago Ávila គឺជាជនជាតិប្រេស៊ីល ត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរអ៊ីស្រាអែល ហើយនិងនាំខ្លួនទៅកាន់អ៊ីស្រាអែល ខណៈដែលសកម្មជនគាំទ្រប៉ាឡេស្ទីនជាង ១០០នាក់ផ្សេងទៀត ត្រូវបាននាំទៅកាន់កោះ Crete របស់ប្រទេសក្រិក ។
ក្រុមសកម្មជនទាំងនេះ គឺជាផ្នែកមួយនៃកងនាវា Global Sumud ទី ២ ដែលបានធ្វើដំណើរក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដើម្បីបំបែកការបិទច្រករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា តាមរយៈការចែកចាយជំនួយមនុស្សធម៌ ។ នាវាទាំងនេះ បានចេញដំណើរពីទីក្រុង Barcelona របស់អេស្ប៉ាញ កាលពីថ្ងៃទី ១២ ខែមេសា ។
អ្នកស្រី Lara Souza គឺជាភរិយារបស់លោក Thiago Ávila និយាយថា អ្នកស្រីត្រូវបានគេជូនដំណឹងដោយក្រុមមន្រ្តីប្រេស៊ីល និងក្រុមមេធាវីថា ប្តីរបស់គាត់បង្ហាញស្នាមរបួសនៃការបំពានរាងកាយ ។
អ្នកស្រីថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ស្ថានទូតប្រេស៊ីល និងមេធាវីម្នាក់ បានជូនដំណឹងមកកាន់គាត់ថា ប្តីរបស់គាត់មានស្នាមរបួសលើដងខ្លួន និងផ្ទៃមុខ ហើយប្តីរបស់គាត់ ត្រូវបានគេវាយដុំ និងធ្វើទារុណកម្ម ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសអ៊ីស្រាអែល បានច្រានចោលការចោទប្រកាន់មួយនេះ ដោយពួកគេនិយាយថា វាគឺជាព័ត៌មានមិនពិត និងជាអំណះអំណាងគ្មានមូលដ្ឋាន ៕