ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ៥ឧសភា សប្ដាហ៍នេះថា លោកនឹងផ្អាកប្រតិបត្តិការមួយរយៈខ្លីក្នុងការជួយអមដំណើរការពារនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយលើកឡើងពីវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងដ៏ទូលំទូលាយជាមួយអ៊ីរ៉ង់។

លោក Trump បានសរសេរលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ពួកលោកបានឯកភាពគ្នាថា ខណៈការបិទផ្លូវសមុទ្រនឹងនៅតែជាធរមានពេញលេញ គម្រោងសេរីភាព (Project Freedom ) នឹងត្រូវផ្អាកមួយរយៈពេលខ្លី ដើម្បីមើលថាតើកិច្ចព្រមព្រៀងអាចត្រូវបានបញ្ចប់ និងចុះហត្ថលេខាឬអត់។

ពុំមានប្រតិកម្មភ្លាមៗពីទីក្រុងតេអេរ៉ង់ទេ គិតត្រឹមព្រឹកព្រលឹមថ្ងៃពុធ ៦ឧសភា សប្ដាហ៍នេះ ។
ត្រឹមតែប៉ុន្មានម៉ោងមុនថ្ងៃពុធនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានធ្វើបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីអមដំណើរនាវាដឹកប្រេងដែលជាប់ក្នុងច្រកសមុទ្រនេះ។ មួយថ្ងៃមុន យោធាអាមេរិកបាននិយាយថា ខ្លួនបានបំផ្លាញទូកតូចៗរបស់អ៊ីរ៉ង់ជាច្រើនគ្រឿង ក៏ដូចជាមីស៊ីលតម្រង់គោលដៅ និងយានដ្រូនមួយចំនួនផងដែរ។
លោក Rubio និងមន្ត្រីរដ្ឋបាលជាន់ខ្ពស់ផ្សេងទៀតបាននិយាយថា អ៊ីរ៉ង់មិនអាចត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រងចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រនោះបានទេ។

ប្រមុខការទូតអាមេរិករូបនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន ជាទីដែលលោកបាននិយាយថា សហរដ្ឋអាមេរិកបានសម្រេចគោលបំណងរបស់ខ្លួននៅក្នុងយុទ្ធនាការយោធារបស់ខ្លួនហើយថា គ្មានការបាញ់ប្រហារទេ លុះត្រាតែពួកលោកត្រូវបានរងការបាញ់ប្រហារជាមុន៕