អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារ ៥ឧសភា សប្ដាហ៍នេះ ថា អង្គការសហប្រជាជាតិស្វាគមន៍ចំពោះបទឈប់បាញ់ឯកតោភាគីដែលបានប្រកាសដោយអ៊ុយក្រែន និងរុស្ស៊ី។

លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្លែងថា ពួកលោកស្វាគមន៍ចំពោះបទឈប់បាញ់ឯកតោភាគីដែលបានប្រកាសដោយអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅយប់ថ្ងៃទី ៥ និងបន្តដល់ថ្ងៃទី ៦ខែឧសភា នេះ ក៏ដូចជាបទឈប់បាញ់ប្រកាសដោយសហព័ន្ធរុស្ស៊ី ដែលនឹងធ្វើឡើងនៅថ្ងៃទី ៨និងទី ៩ ខែឧសភា។

លោក Dujarric បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា លោកអគ្គលេខាធិការទន្ទឹងរង់ចាំការអនុវត្តដោយជោគជ័យរបស់ពួកគេ ហើយបានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់លោកសម្រាប់បទឈប់បាញ់ពេញលេញ ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ និងយូរអង្វែង ដែលនាំទៅរកសន្តិភាពដ៏យុត្តិធម៌ ទូលំទូលាយ និងប្រកបដោយចីរភាព ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងសេចក្តីសម្រេចពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ។

ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានប្រកាសបទឈប់បាញ់ទិវាជ័យជម្នះ នៅថ្ងៃទី ៨ដល់៩ ខែឧសភា ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រកាសកាលពីយប់ថ្ងៃចន្ទថា អ៊ុយក្រែននឹងចាប់ផ្តើមបទឈប់បាញ់ជាមួយរុស្ស៊ីចាប់ពីថ្ងៃពុធនេះតទៅ។ លោកពុំបានកំណត់កាលបរិច្ឆេទបញ្ចប់សម្រាប់បទឈប់បាញ់នោះទេ។
គួររម្លឹកថា ទីក្រុងមូស្គូ បានប្រកាសបទឈប់បាញ់ជាបណ្តោះអាសន្នក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យ Easter គ្រិស្តអូតូដុកកាលពីខែមុន ប៉ុន្តែរុស្ស៊ី និងអ៊ុយក្រែន បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបំពានបទឈប់បាញ់៕