បាត់ដំបង៖ នៅក្នុងខេត្តបាត់ដំបង មានតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិជាច្រើនកន្លែង ដែលគួរជាទីកន្លែង សម្រាកលម្ហែកម្សាន្តអារម្មណ៍ ក្នុងឱកាសឈប់សម្រាកអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ មន្ត្រីទេសចរណ៍រំពឹងថា បន្ទាប់ពីអាក់ខានពីរឆ្នាំនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ទេសចរ នឹងរីករាយក្នុង ការធ្វើដំណើរកម្សាន្ត ហើយខេត្តបាត់ដំបង នឹងជាទីដៅមួយនៃទេសចរផងដែរ។
ទីតាំងទេសចរណ៍ជាច្រើន ក្នុងខេត្តបាត់ដំបង ពិសេសរមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ ត្រូវ បានតុបតែងលម្អ ត្រៀមបម្រុងសេវាកម្មនានា ដើម្បីទទួលស្វាគមន៍ និងបម្រើដល់ភ្ញៀវទេសចរ ។
ទឹកធ្លាក់ចម្ការស្វាយ នៅស្រុកសំឡូត ជាកន្លែងទេសចរណ៍បែបធម្មជាតិគួរជាទីពេញនិយមមួយ ដែលទេសចរគួរទៅលេង។ រមណីយដ្ឋាននេះ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលភ្ញៀវទេសចរពីគ្រប់ទិសទីក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
ទឹកធ្លាក់ចម្ការស្វាយ ជាប្រភេទរមណីយដ្ឋានទេសចរណ៍ធម្មជាតិកែច្នៃ មានទីតាំងស្ថិតនៅ ភូមិព្រៃ ស្ដៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង និងមានចម្ងាយជាង៦០គីឡូម៉ែត្រ ពីក្រុងបាត់ដំបង ។
សកម្មភាពកម្សាន្តនានាក្នុងរមណីយដ្ឋាននេះ មានដូចជា៖ ការកម្សាន្តតាមចម្ការ (ពិសេស រដូវផ្លែ ឈើ) ការងូតទឹកកម្សាន្ត ការពិសារអាហារនៅមាត់ទឹក ការសម្រាកលម្ហែ ការលេងកីឡាលើទឹក ការជិះទូក កៃយ៉ាក់ និងការបោះតង់ ជាមួយទេសភាពស្អាតៗ ម្ហូបឆ្ងាញ់ កន្លែងគេងក៏ស្អាត ៕ អត្ថបទ៖ នឿត សុភក្ត្រ