ប្រទេសចិនបានទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅថ្ងៃពុធ៦ឧសភា សប្ដាហ៍នេះ ជាលើកដំបូងចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើទីក្រុងតេអេរ៉ង់ ត្រឹមតែប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទៅកាន់ទីក្រុងប៉េកាំង។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua លោក Wang Yi ប្រមុខការទូតរបស់ប្រទេសចិន បានជួបជាមួយលោក Araghchi នៅព្រឹកថ្ងៃពុធនេះ ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានផ្សព្វផ្សាយដំណើរទស្សនកិច្ចនេះយ៉ាងផុសផុលកាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះ ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសដែលបានកត់សម្គាល់ថា ទីក្រុងប៉េកាំង បានផ្តួចផ្តើមការអញ្ជើញនេះ។ ប៉ុន្តែសេចក្តីថ្លែងការណ៍ផ្លូវការនេះ ពុំបានបង្ហាញពីរបៀបវារៈទេ។
ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា កិច្ចពិភាក្សានឹងគ្របដណ្តប់លើទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ។
លោក Amir Handjani សមាជិកក្រុមប្រឹក្សាភិបាលនៅវិទ្យាស្ថាន Quincy ដែលមានមូលដ្ឋានៅក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក បាននិយាយថា កិច្ចប្រជុំនេះគឺជាយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅ។ ទីក្រុងតេអេរ៉ង់ និងទីក្រុងប៉េកាំង កំពុងធ្វើការដើម្បីផលប្រយោជន៍របស់ពួកគេមុនពេលកិច្ចប្រជុំកំពូលរបស់លោក Trump ជាមួយប្រធានាធិបតីចិន លោក Xi Jinping ហើយពេលវេលាគឺមានសារៈសំខាន់ខ្លាំងណាស់៕

