ការស្ទង់មតិមួយធ្វើឡើងដោយវិទ្យាស្ថានប្រជាធិបតេយ្យអ៊ីស្រាអែល (IDI) ជាស្ថាប័នស្រាវជ្រាវមួយ បានបង្ហាញថា ប្រជាជនអ៊ីស្រាអែលភាគច្រើនជឿថា ការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ក្រោមលក្ខខណ្ឌបច្ចុប្បន្ន នឹងមិនបម្រើផលប្រយោជន៍សន្តិសុខជាតិរបស់ពួកគេបានគ្រប់គ្រាន់ឡើយ។

អ្នកឆ្លើយតបជនជាតិជ្វីហ្វពីរភាគបី បាននិយាយថា ការបញ្ចប់សង្គ្រាមនៅពេលនេះ មិនស្របគ្នាទាល់តែសោះជាមួយនឹងផលប្រយោជន៍សន្តិសុខរបស់អ៊ីស្រាអែល។
ជារួម ប្រជាជនអ៊ីស្រាអែល៥៩ភាគរយ ប្រឆាំងការបញ្ចប់សង្គ្រាមនៅដំណាក់កាលនេះ។ ពលរដ្ឋអារ៉ាប់អ៊ីស្រាអែល មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ដោយស្ទើរតែពាក់កណ្តាលបាននិយាយថា ការបញ្ចប់សង្គ្រាមបម្រើផលប្រយោជន៍របស់អ៊ីស្រាអែល «ក្នុងកម្រិតធំ»។ ប្រហែល៦២ភាគរយនៃអ្នកដែលត្រូវបានស្ទង់មតិទាំងអស់រំពឹងថា អ៊ីស្រាអែលនឹងវិលត្រឡប់ទៅរកជម្លោះទ្រង់ទ្រាយធំជាមួយអ៊ីរ៉ង់វិញ។

ការរកឃើញក្នុងការស្ទង់មតិក៏បានបង្ហាញផងដែរថា ប្រជាជនអ៊ីស្រាអែល៥១ភាគរយ ជឿថា សហរដ្ឋអាមេរិក មានឥទ្ធិពលលើការសម្រេចចិត្តផ្នែកការពារជាតិរបស់អ៊ីស្រាអែលច្រើនជាងរដ្ឋាភិបាលរបស់ពួកគេ ដែលកើនឡើងពី៤៤ភាគរយនៅក្នុងខែតុលា ឆ្នាំ២០២៥។ មានតែ១៨ ភាគរយប៉ុណ្ណោះដែលនិយាយថា រដ្ឋាភិបាលអ៊ីស្រាអែល មានឥទ្ធិពលច្រើនជាង។
ស្តីពីប្រទេសលីបង់ ពីរភាគបីនៃពលរដ្ឋអ៊ីស្រាអែល បាននិយាយថា ឱកាសនៃការឈានដល់កិច្ចព្រមព្រៀងដែលមានស្ថិរភាពដែលរួមបញ្ចូលការដកហូតអាវុធពីក្រុមហេសបូឡា គឺមានទាប ឬគ្មាន។ ក្នុងចំណោមអ្នកឆ្លើយតបជនជាតិជ្វីហ្វ ជិត៨០ភាគរយមានភាពទុទិដ្ឋិនិយមចំពោះរឿងនេះ។