កងទ័ពបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ៥ ឧសភា សប្ដាហ៍នេះថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយមបូកូហារ៉ាម (Boko Haram) បានវាយប្រហារលើមូលដ្ឋានយោធាមួយក្នុងប្រទេសឆាដ ដោយបានសម្លាប់បុគ្គលិកសន្តិសុខយ៉ាងហោចណាស់២៣នាក់ និង២៦នាក់ផ្សេងទៀត បានរងរបួស។

សេចក្ដីថ្លែងការណ៍ខាងលើបាននិយាយថា កងទ័ព បានវាយបណ្ដេញការវាយប្រហារដែលបានកើតឡើងកាលពីយប់ថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្នុងតំបន់ Lake Chad និងប្រតិបត្តិការជាច្រើនទៀតដើម្បីបោសសម្អាត។ ក្រុមសកម្មប្រយុទ្ធ បូកូហារ៉ាម បានបន្តវាទទីចាប់តាំងពីឆ្នាំ២០០៩ ពីភាគខាងជើងប្រទេសនីហ្សេរីយ៉ា ដល់ប្រទេសឆាដភាគខាងលិច ជាទីដែលការវាយប្រហារលើមូលដ្ឋានយោធា បានក្លាយជាសកម្មភាពញឹកញាប់។
លោកប្រធានាធិបតីឆាដ Mahamat Idriss Deby Itno បាននិយាយក្នុងការបង្ហោះលើបណ្ដាញសង្គម Facebookកាលពីថ្ងៃអង្គារថា ក្រុមភេរវករបូកូហារ៉ាម បានបើកការវាយប្រហារយ៉ាងកំសាកជាថ្មីទៀតហើយកាលពីយប់មិញ លើមូលដ្ឋានទ័ពរបស់ពួកលោកក្នុងតំបន់ Barka Tolorom ហើយលោកក៏បានថ្កោលទោសផងដែរ។
លោកថា ពួកលោកនឹង បន្តប្រយុទ្ធប្រឆាំងជាមួយនឹងការប្ដេជ្ញាជាថ្មីទៀត រហូតទាល់តែការគំរាមកំហែងទាំងឡាយត្រូវបានកម្ចាត់ចោលទាំងស្រុង និងបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារកងទ័ពដែលបានពលី ផងដែរ៕

