យុវជន ម៉ាត់ ស៊ីនីន តំណាងសិស្ស-និស្សិសកម្ពុជា ដែលកំពុងសិក្សានៅប្រទេសកូវ៉ែត រំពឹងជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា និងក្រុម Al Kuwait របស់កូវ៉ែត ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League (ACGL) 2025/26 នឹងធ្វើឲ្យពិភពអារ៉ាប់ស្គាល់កាន់តែច្បាស់ពីក្លិបបាល់ទាត់ និងប្រទេសកម្ពុជា។

ការលើកឡើងនេះ ស្របពេលជំនួបវគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមតំណាងប្រទេសទាំងពីរ នឹងមកដល់នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិ Jaber Al-Ahmad International ស្ថិតនៅរដ្ឋធានីកូវ៉ែត នៃរដ្ឋកូវ៉ែត។
យុវជនខ្មែររូបនេះថា សិស្ស-និស្សិតកម្ពុជា ដែលកំពុងសិស្សានៅរដ្ឋកូវ៉ែត ពិតជារំភើប និងមានមោទនភាព ចំពោះព្រឹត្តិការណ៍ប្រវត្តិ និងកម្រ លើទឹកដីអារ៉ាប់នេះ ហើយតាមរយៈការប្រកួតវគ្គផ្ដាច់ព្រ័ត្រនាសប្ដាហ៍ក្រោយនេះ នឹងពាំនាំវិស័យកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាឲ្យពិភពអារ៉ាប់ស្គាល់ពីប្រទេសកម្ពុជាកាន់តែច្រើន។
គួរដឹងថា ជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី រវាងព្រះខ័នរាជស្វាយរៀង និងក្រុមម្ចាស់ផ្ទះ Al Kuwait នឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៧ និង ១៥នាទីយប់ សម្រាប់ម៉ោងនៅរដ្ឋកូវ៉ែត ត្រូវនឹងម៉ោង ១១ និង ១៥នាទីយប់ សម្រាប់ម៉ោងនៅកម្ពុជា៕ អត្ថបទ លី ឈុនឡា

